Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបាន ជិត៤០ភាគរយ ហើយ

ភ្នំពេញ៖ គម្រោងស្ថាបនា​ផ្លូវល្បឿនលឿន​ពីភ្នំពេញ-ព្រះសីហនុ បាន​សម្រេច​លទ្ធផល ៣៩,៩៨ភាគរយ​ហើយ ក្រោយ​បើកការដ្ឋាន​កាលពីខែមីនា ឆ្នាំ​២០១៩។ បើតាម​ទំព័រហ្វេសប៊ុកឈ្មោះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២១ ដោយពឹងថាគម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

បន្ទាប់ពីការបញ្ចប់នូវគម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចំណាយពេលតែ ២ម៉ោងប៉ុណ្ណោះ វានឹងបញ្ចប់ប្រវត្តិសាស្ត្ររបស់ប្រទេស​កម្ពុជាដែលមិនធ្លាប់មានផ្លូវហាយវេពីមុនមក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកន្លងមកថា ផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនឹងជួយប្រទេសកម្ពុជាអភិវឌ្ឍឧស្សាហកម្មទំនើប ពង្រឹងសមត្ថភាពផ្លូវថ្នល់ក្នុងស្រុក លើកកម្ពស់ ការកាត់បន្ថយការចំណាយនិងការបង្កើនប្រសិទ្ធភាព នៃការដឹកជញ្ជូនទំនិញនិងជំរុញការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់។

សូមរម្លឹកថា ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ដោយ​ឆ្លងកាត់ពី​ភ្នំពេញ ប្រវែង ៨,៣០គីឡូម៉េត្រ, ខេត្ត​កណ្តាល ប្រវែង ៩,១០គីឡីម៉េត្រ, ខេត្ត​កំពង់ស្ពឺ ប្រវែង ៨០,៨០គីឡូម៉ែត្រ, ខេត្ត​កោះកុង ប្រវែង ១,៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ ប្រវែង ៨៩,៨៩គីឡូម៉េត្រ។

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង ២គន្លងទៅ ២គន្លង​មក ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គីឡូម៉ែត្រ ទៅ១២០គីឡូម៉ែត្រ ក្នុង​១ម៉ោង។

គូសបញ្ជាក់ថា គម្រោងផ្លូវនេះ ​ប្រើប្រាស់​ថវិកា​វិនិយោគ​​ជិត ២ពាន់​លានដុល្លារ និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​ចិនប្រមាណ ១៥០លាន​ដុល្លារ ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD៕

ដោយ៖ Moeun Dyna