Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅ ខេត្តកុងសម្រេចបានជាង ៤៣% គ្រោងនឹងបញ្ចប់ឆ្នាំ២០២៣

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់ខេត្តពោធិ៍សាត់មានប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ សម្រេចបាន ៤៣,៧៥ភាគរយ គ្រោងបញ្ចប់ឆ្នាំ២០២៣។ បើតាមក្រសួងដឹកជញ្ជូន។

ក្រសួងបានបន្តថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យផ្លូវជាតិលេខ១០ ដើម្បីធ្វើឱ្យមានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជាប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់។

លោក រដ្ឋលេខាធិការបានថ្កែងថា គោលបំណង តាមដានវឌ្ឍនភាពសាងសង់ ជាលទ្ធផលអនុវត្តបាន ៤៣,៧៥ភាគរយ ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២០ និងដើម្បីធានាបានគុណភាពក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ។

លោក បន្តថា ដោយត្រូវធ្វើបែបណាក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់ ជាកត្តាអាចទាក់ទាញភ្ញៀវអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។

រដ្ឋលេខាធិការ បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។

សូមរម្លឹកថា ផ្លូវនេះបានបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន លោក Wang Wentian។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានថ្លែងថា ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

លោក បានបន្តថា ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់ចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ DBST, ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

ដោយ៖ Moeun Dyna