Register Already an agent ? Login

ផលិតផល ១២មុខ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីសម្គាល់ភូមិសាស្រ្ត សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ។ ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។​ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា និងការផ្តល់អាជ្ញាបណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម (CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។

បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម ក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម «MALYS ANGKOR» ម៉ាកសម្គាល់ភូមិសាស្ត្រ «ម្រេចកំពត» បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» «អំបិលនិងផ្កាអំបិលកំពត» «ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់»។

លោក ថ្លែងបន្តទៀតថា ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និងម៉ាកសមូហភាព «គុយទាវភ្នំពេញ» ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព «អំបុកកំពង់ធំ» «ពងទាកូនខេត្តតាកែវ» «នំបញ្ចុកខេត្តសៀមរាប» «ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល» «ស្មូនឆ្នាំងដី» កំពង់ឆ្នាំង។

លោក បានថ្លែងបន្ថែមថា ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ។

នៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ជារៀងរាល់ឆ្នាំ។ ក្នុងនោះវិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ច៕

ដោយ៖ Moeun Dyna