Register Already an agent ? Login

ការអភិវឌ្ឍផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនឹងជួយស្តារសេដ្ឋកិច្ចពលរដ្ឋ និងជាការត្រៀមទទួលទេសចរក្រោយវិបត្តិកូវីដ១៩

សៀមរាប៖ ការអភិវឌ្ឍផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប គឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ-១៩។ ជាការថ្លែងរបស់ លោក ហ៊ុន ម៉ានី។

ការថ្លងរបស់ លោក ហ៊ុន ម៉ានី ក្នុងឱកាស ដែលលោករួមជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះមើលសកម្មភាពការស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការណ៍នេះមិនបានធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។ បើតាមការបន្តរបស់ លោក ហ៊ុន ម៉ានី ថា ផ្ទុយទៅវិញការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩។

សូមរម្លឹកថា ផ្លូវទាំង ៣៨ខ្សែនេះមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ និងថវិកាជាង ៩លានដុល្លារ ទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ នឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

គូសបញ្ជាក់ថា ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើននៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

ដោយ៖ Moeun Dyna