Register Already an agent ? Login

រដ្ឋបាលស្រុកបន្ទាយស្រី ដាក់ឱ្យប្រើប្រាស់ផ្លូវគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្រ ជូនអ្នកភូមិអូរប៉ោង និងភូមិកំព្រហ្ម ទៅកាន់ទីប្រជុំជន

សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានដាក់ឱ្យប្រើប្រាស់ផ្លូវគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្រ ជូនអ្នកភូមិអូរប៉ោង និងភូមិកំព្រហ្ម ដើម្បីតភ្ជាប់ជាយុទ្ធសាស្ត្រ តំបន់ដាច់ស្រយាលដែលមានអតីតៈយុទ្ធជនរស់នៅមួយនេះ ទៅកាន់ទីប្រជុំជនរបស់ស្រុកបន្ទាយស្រី។

លោក ឃឹម ហ្វីណង់ បានថ្លែងថា ដោយហេតុតែកង្វះខាតនៃការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋ និងនិវត្តជនក្នុងតំបន់នេះ តែងជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល មានជីវភាពខ្សត់ខ្សោយ ពិបាកក្នុងការទទួលសេវារដ្ឋបាល សេវាសុខាភិបាល ក៏ដូចជាការបញ្ជូនកូនចៅទៅមកសាលារៀន ហើយត្រូវផ្ញើរខ្លួនទៅនឹងឃុំដទៃ និងប្រើប្រាស់ផ្លូវវាងដែលមានចម្ងាយឆ្ងាយ។

អភិបាលស្រុកបន្ទាយស្រីបានថ្លែងបន្តងថា ផ្លូវថ្មីទទឹង៦ម៉ែត្រ ដែលប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកក្នុងឆ្នាំ២០២០នេះ នឹងធ្វើឱ្យចំណេញដល់ការធ្វើដំណើរបានជាង១០គីឡូម៉ែត្រ ហើយក៏នឹងជម្រុញចរន្តសេដ្ឋកិច្ចឱ្យមានភាពរលូនជាងមុនផងដែរ ជាពិសេសសម្រាប់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងទីប្រជុំជន៕

ដោយ៖ Moeun Dyna