Register Already an agent ? Login

សម្ដេច ហ៊ុន សែន បើកសម្ពោធ អគារទីស្តីការក្រសួងដឹកជញ្ជូនថ្មី សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការនិងដឹកជញ្ជូន ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា) នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ អគារថ្មីរបស់ក្រសួងសាធារណការ សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។

អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង។

សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦លានដុល្លារ ។

ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារ។

ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា «កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត»។

សមិទ្ធផលថ្មីលើទឹកដីសន្តិភាពដែលលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេច នាយករដ្ឋមន្ដ្រី។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល បានថ្លែងថា ដោយផ្អែកលើការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន ក្នុងនោះរួមមាន៖ បានរៀបចំធនធានមនុស្សឡើងវិញនិងប្រព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងបានគិតគូរពីចក្ខុវិស័យវែងឆ្ងាយ និងបេសកកម្មចម្បងរបស់ក្រសួង ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ និងការផ្តល់សេវា សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ 

 លោក បានបន្តថា ការផ្លាស់ប្តូរទីតាំងអគារទីស្តីការក្រសួងដឹកជញ្ជូនមកទីតាំងថ្មី និងការដាក់ឱ្យដំណើរការ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះ គឺជាការបញ្ជាក់ពីប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរ និងការរីកចម្រើនលើវិស័យសាធារណការ៕

ដោយ៖ Moeun Dyna