Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគសរុប ២៣៨គម្រោង ទុនវិនិយោគប្រមាណ ៨ពាន់លានដុល្លារ នៅឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) នៅក្នុងឆ្នាំ២០២០ បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណ ៨០០០លានដុល្លារ។ បើតាមការថ្លែងរបស់ លោក ផៃ ស៊ីផាន បញ្ជាក់ថា ក្នុង ២៣៨គម្រោងមាន ១៩៥ ជាគម្រោងថ្មី និង៤៣ទៀត ជាគម្រោងពង្រីកផលិតកម្ម គម្រោងទាំងអស់នេះអាចជួយបង្កើតការងារបាន ១៥១០០០កន្លែង។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃុំ» កាលថ្ងៃទី១៩ មករា ឆ្នាំ២០២១ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងបន្តថា រយៈពេល ១០ខែ ឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបប្រមាណ ៤០០០គម្រោង ដែលមានទំហំវិនិយោគប្រមាណ ៦៤០០លានដុល្លារ។ លោក បញ្ជាក់ ទំហំទុនវិនិយោគនេះកើនឡើងជាង ១០០០លានដុល្លារ។

នៅក្នុង២០២០ ជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ-១៩ កម្ពុជា មានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១រោងចក្រ រីឯ រោងចក្របិតទ្វារ ប្រមាណ ១០០រោងចក្រ។ បើតាមការថ្លែងបន្តរបស់ អ្នកនាំពក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា ចំនួនរោងចក្របើកថ្មីមានទ្វេដងនៃរោងចក្របិទទ្វារ ដែលធ្វើឱ្យឃើញថាសេដ្ឋកិច្ចកម្ពុជា នៅរឹងមាំទោះមានវិបត្តិជំងឺសកលក្ដី។

គូររម្លឹកថាឱ្យដឹងថា យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម របស់ក្រសួងសេដ្ឋកិច្ច ចាប់ពីខែមករា ដល់ខែតុលា ក្រសួងរៀបចំដែនដី បានសម្រេចលើសំណើសុំការសាងសង់ សរុបទូទាំងប្រទេសមានចំនួន ៤ ០៨០គម្រោង នៅលើផ្ទៃក្រឡាសាងសងជាង ១៤លានម៉ែត្រការ៉េ។

សូមបញ្ជាក់ថា គម្រោងដែលកំពុងមានសក្តានុពលនៃការវិនិយោគមានដូចជា គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣ ៤០០គម្រោង, សំណង់ពាណិជ្ជកម្ម ៣១១គម្រោង សំណង់ឧស្សាហកម្ម ១៧២គម្រោង, សំណង់ទេសចរណ៍ ៨២គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង៕

បើយោងតាមរបាយការណ៍ខាងលើឱ្យដឹងថា ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័តក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០ មានប្រមាណជាង ៥០០០លានដុល្លារ បានធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០គម្រោង ដែលកើនឡើង ៤៥៥គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ៤,៨ ភាគរយ។

ក្នុងចំណោមគម្រោងទាំងអស់ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន ដែលមានចំនួនសរុប ២ ៨១៩ គម្រោង (ផ្ទៃក្រឡា ៦៤៤ពាន់ម៉ែត្រការ៉េ) ដែលស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសរុប។ តួលេខនេះកើនឡើង ៣៧៥គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩៕

ដោយ៖ Moeun Dyna