
តាកែវ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តតាកែវក្នុងនោះសួនច្បារដ៏ធំសម្រេចបាន ៨៥ភាគរយ គ្រោងនឹងបញ្ជប់នៅមុនពេលប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ពើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបន្តថា ក្នុងខេត្តតាកែវ បាននឹងកំពុងឈានទៅរកចំណុចអភិវឌ្ឍន៍ ទៅមុខជាបន្តបន្ទាប់ មិនថាតែសួនច្បារធំៗ ទាំងនេះនោះទេ គឺមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន លើផ្លូវថ្នល់កៅស៊ូ និងថ្នល់បេតុងជាច្រើនខ្សែ។
លោក អភិបាលខេត្តតាកែវ បានថ្លែងបន្តទៀតថា លើសពីនោះទៀត ការស្តារនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធលូបង្ហូរទឹកមិនឱ្យលិចនេះ ក៏បានធ្វើឱ្យហាងឆេងដី របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត មានការកើនឡើង មួយកម្រិតថែមទៀត។

លោក អ៊ូច ភា បានបន្ថែមថា នៅដើមឆ្នាំ២០២១ នេះ មិនត្រឹមតែកែលម្អ ពង្រីកសួនច្បារថ្មីនេះប៉ុណ្ណោះ ខេត្តក៏បានពង្រីកប្រព័ន្ធសរសៃឈាមសេដ្ឋកិច្ច ដែលអាចនិយាយបានថា ជាការជួសជុល ចាក់ពង្រីកថ្នល់កៅស៊ូប្រភេទ DBST ជាច្រើនខ្សែថែមទៀត នៅតាមតំបន់ជាយក្រុងដូនកែវ តភ្ជាប់ជាមួយបណ្តាស្រុកផ្សេងៗនៅជាប់គ្នា ដើម្បីសម្រួលដល់ការងារ ដឹកជញ្ជូនផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការផ្សេងៗ យកមកចែកចាយ លក់នៅតាមទីផ្សារធំ នៅក្នុងចំណុចកណ្តាល នៃបេះដូងខេត្តតាកែវតែម្តង៕
ដោយ៖ Moeun Dyna