Register Already an agent ? Login

រដ្ឋបាលខេត្តកណ្ដាល ដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងប្រវែង ២គីឡូម៉ែត្រ ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាលបានដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង។

ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារសខាន់ណាស់សំរាបប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ងាយស្រួលដឹកជញ្ជូនកសិផលទៅទីផ្សារ សម្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន និងងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនានា បានយ៉ាងល្អប្រសើរ។ បើតាមការថ្លែងរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្តថា ផ្លូវនេះគឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ស្រុកស្អាង ដែលបានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០២០ ក្នុងការសាងសង់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

នៅក្នុងពិធីសម្ពោធផ្លូវខាងលើ កាលពីម្សិលមិញ លោក អភិបាលខេត្តបានថ្លែងបន្តទៀតថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពី សម្ដេច នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងសមិទ្ធិផលនានាជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នា​ឱកាសនោះ លោក គង់ សោភ័ណ្ឌ បានស្នើដល់រដ្ឋបាលស្រុក ត្រូវខិតខំផ្តល់សេវានានា និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានល្អ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ លោក សង្កត់ធ្ងន់ «ដោយត្រូវអនុវត្តកិច្ចការនេះ ជាប្រចាំធ្វើឱ្យដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន» សំដៅឈានទៅសម្រេចបានលទ្ធផលល្អក្នុងការប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ប្រចាំឆ្នាំ។

លោក អភិបាlខេត្ត បានអំពាវនាវដល់មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ រួមគ្នាក្នុងការការពារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្ដទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕

ដោយ៖ Moeun Dyna