Register Already an agent ? Login

លោក ម៉ៅ ធនិន គ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ លើដីជាង ៩០ហិកតា

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យលើផ្ទៃដីជាង ៧០ហិកតា និងក្នុងស្រុកភ្នំក្រវាញជិត ២០ហិកតាដែលជាទីតាំងដីបម្រុងទុករបស់រដ្ឋសរុបជាង ៩០ហិកតា។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់។

ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដ៏ទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ខិតគៀកឱ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលា ក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាពចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។ ជាការថ្លែងបញ្ជាក់របស់ លោក លោក ម៉ៅ ធនិន។

នាឱកាសចុះពិនិត្យទីតាំងខាងលើកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោក អភិបាលខេត្តពោធិ៍សាត់បានថ្លែងបន្តថា ស្រុកតាលោសែនជ័យ គឺជាស្រុកកូនពៅ និងជាស្រុកដែលទើបនឹងបង្កើតថ្មី មានឃុំចំនួន២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក បន្តទៀតថា ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋជាង ៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យសម្ដេច ហ៊ុន សែន មានប្រព័ន្ធផ្លូវ ភ្លើង និងទឹក...ជាដើម។ល។

ដោយឡែកសាលាស្រុកភ្នំក្រវាញបច្ចុប្បន្ន មានទីធ្លាតូចចង្អៀត តម្រូវឱ្យសាងសង់ថ្មី មានលក្ខណៈប្រមូលផ្តុំជារួមដូចគ្នា នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋទំហំជិត ២០ហិកតា ដែលស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជាការថ្លែងន្ថែមរបស់ លោក អភិបាលខេត្តដដែលបានបញ្ជាក់ថា «ចំពោះទីតាំងដីនេះ គឺពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះនៅជិតទំនប់ធារាសាស្ត្រដំណាក់ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជាថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងក៏បាន»។

លោក ម៉ៅ ធនិន ក៏បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការសិក្សាគម្រូប្លង់មេ ឱ្យបានច្បាស់លាស់ ដើម្បីការសាងសង់ទទួលបានជោគជ័យ សោភណ្ឌភាព និងសម្រាប់ជាប្រវត្តិសាស្ត្រ ដល់កូនចៅយើងជំនាន់ក្រោយ៕

ដោយ៖ Moeun Dyna