Register Already an agent ? Login

អាជ្ញាធរខេត្តព្រះសីហនុ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុប ១៧ពាន់ក្បាលដី ចែកបណ្ណកម្មសិទ្ធិជិត ៣ពាន់បណ្ណ

ព្រះសីហនុ៖ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដោយវាស់វែងក្បាលដីសរុបបានចំនួន ១៧,៤៩៦ក្បាលដី បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីចំនួន ១៥,២៥៥ និងបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័របានចំនួន ១៤,៤៥៨ទំរង់បែបបទ ហើយបានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋចំនួន ២,៩០១បណ្ណ។ បើតាមការថ្លែងឱ្យដឹងពី លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ។

នៅក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ចេង ស្រុង បានថ្លែងបន្តថា ក្នុងនោះនៅស្រុកស្ទឹងហាវ ក្រុមទី១ ចុះវាស់វែងក្បាលដីបានចំនួន ៥,២៩២ បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីចំនួន ៣,៩៤៦ ហើយបានចែកបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋភូមិ១ ឃុំទំនប់រលកបានចំនួន ១៨៤បណ្ណ។

លោក បានបន្តទៀតថា ចំណែកក្រុមទី២ ការចុះបញ្ជីដីធ្លីនៅក្នុងស្រុកព្រៃនប់ ឃុំជើងគោ និងឃុំឧកញ៉ាហេង ចុះវាស់វែងក្បាលដីសរុបបានចំនួន ៦,៥៨៥ បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីបានចំនួន ៦,២១៥ បានបិទផ្សាយ ទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់ ក្នុងឃុំជើងគោ និងបានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋសរុបបានចំនួន ៧៧២បណ្ណ។ និងក្រុមទី៣ ការចុះបញ្ជីដីនៅក្នុងស្រុកកំពង់សិលា ឃុំកំពង់សិលា ចុះវាស់វែងក្បាលដីសរុបបានចំនួន ៥,៥២៧ បានចែកបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ភូមិថ្មី និងភូមិវាល បានចំនួន ១,៩៤៥ ។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាអនុវត្ថទៅតាមនីតិវិធី និងបច្ចេកទេសវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយនឹងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។ លោក ថា នេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គមជាតិយើង។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីសម្រេចបានដល់ការចេញវិញ្ញាបនប័ត្រសំគាល់អចលវត្ថុ (បណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ឫអ្នកកាន់កាប់ដីទាំអអស់រួមទាំងមន្ទីរ និងស្ថាប័ន្ធ។ លោក បន្ថែមថា ហើយពិសេសគឺអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញដោយជួយធ្វើការបញ្ជាក់ឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី អត្តសញ្ញាណក្បាលដី និងជួយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ៕

ដោយ៖ Moeun Dyna