Register Already an agent ? Login

រដ្ឋាភិបាលកាត់ដី ២០ហិកតា នៅបឹងតាមោកសាងសង់សាខាមន្ទីរកាលពេទ្យកាល់ម៉ែត

ភ្នំពេញ៖ រដ្ឋាភិបាលបានកាត់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ២០ហិកតា ស្តិតនៅទល់មុខទីតាំងដីអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឱ្យក្រសួងសុខាភិបាល ដើម្បីរៀបចំសាងសង់សាខាមន្ទីពេទ្យកាល់ម៉ែត។ បើតាមលិខិតលេខ ១១០០ សជណ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា ៖ បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃទឹកនិងផ្ទៃដីសរុប ៣ ២៣៩,៧ ហិកតា គឺតាមការកំណត់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ជាបន្តបន្ទាប់ បឹងធម្មជាតិដែលធំជាងគេនៅភ្នំពេញ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភាគខាងជើងទីក្រុងភ្នំពេញមួយនេះ ត្រូវបានកាត់ចេញពីសម្បត្តិសាធារណៈរបស់រដ្ឋអស់ជិត ៥០០ហិកតាហើយ ដើម្បីចាក់ដីអភិវឌ្ឍន៍។

កាលពីខែ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃបឹងតាមោកទំហំ ២០ហិកតា សម្រាប់បង្កើតជាទីផ្សារបន្លែថ្មីជំនួសឱ្យទីតាំងចាស់នៅផ្សារដើមគរ។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវ ទំហំ ៧៥ហិកតា ត្រូវបានរដ្ឋាភិបាលកាត់ឱ្យសាលារាជធានីភ្នំពេញបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។

ជាងមួយខែក្រោយមក ពោលគឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោក ទំហំ៣៤ហិកតា បន្ថែមទៀត ដោយក្នុងនោះ គឺ៣០ហិកតា ត្រូវប្រគល់ទៅលោកស្រី គីម ហ៊ាង ជាតំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។

តាមរយៈអនុក្រឹត្យមួយទៀត ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ផ្ទៃដីបឹងតាមោកជិត ៣០០ហិកតា ត្រូវបានកាត់ជូនក្រសួងការពារជាតិដើម្បីរៀបចំអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។

ការបន្តកាត់ផ្ទៃបឹងតាមោកថ្មីចុងក្រោយនេះ គឺតាមរយៈអនុក្រឹត្យចំនួន២ ដាច់ដោយឡែកពីគ្នារបស់រដ្ឋាភិបាលចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងនោះ អនុក្រឹត្យមួយសម្រេចកាត់ផ្ទៃដីទំហំ ១៥ហិកតានៃបឹងតាមោក ឱ្យទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន។

អនុក្រឹត្យមួយទៀត ធ្វើប្រទានកម្មផ្ទៃដីទំហំជាង ១៥ហិកតា (១៥០.៣៣០) ជូនក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់សង់ទីស្នាក់ការថ្មី និងផ្ទៃបឹងទំហំជាង៨ ហិកតា (៨០.២៣៦) ទៀត ត្រូវប្រគល់ជូន លោក សេង វុទ្ធី ធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ៕

ដោយ៖ Moeun Dyna