Register Already an agent ? Login

គម្រោងកែលម្អផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្រេចបាន ៩០% នឹងបញ្ចប់នៅខែ ៩ឆ្នាំនេះ

ភ្នំពេញ៖ ៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ សម្រេចបាន ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ដោយកម្រិតគុណភាពផ្លូវចាប់ពី DBST ទៅAC ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិន ២១៩.៩១១.០០០ដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុន បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត នាព្រឹកថ្ងៃទី៤ ខែមករា នេះ បានថ្លែងថា ផ្លូវនេះនឹងសាងសង់បញ្ចប់មុនកាលកំណត់មួយឆ្នាំ។

«ផ្លូវនេះ នឹងបញ្ចាប់ នៅខែកញ្ញា ឆ្នាំ២០២១ ដោយសារមានកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន»។ តាមការបញ្ជាក់ របស់ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេសសាងសង់ គុណភាពសំណង់ និងស្តង់ដារសុវត្ថិភាព។

លោក បន្តថា ដោយបំពាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn) និងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេសជាដើម ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

ក្រសួងគ្រោងបំពាក់ជញ្ជីងលើជញ្ជីងដែលមានស្រាប់ ដើម្បីឱ្យមានស្ថានីយជញ្ជីងនៅសងខាងផ្លូវទាំងពីរ សំដៅសម្រួលដល់ការធ្វើចរាចរណ៍ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។ តាមការបន្តទៀតរបស់ លោក ស៊ុន ចានថុល។

ជាមួយគ្នានោះផងដែរ រដ្ឋមន្ត្រីបានដឹក ចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត ដែលកំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតា ជម្រៅ ៤,៥ម៉ែត្រ  ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ បច្ចុប្បន្ន កំពង់ផែនេះ សាងសង់រួចរាល់បាន ៤៥ភាគរយ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១៕

ដោយ៖ Moeun Dyna