Register Already an agent ? Login

ប្រជាពលរដ្ឋខេត្តកែប បានប្រគល់ដីចំណីផ្លូវឆ្នេរសមុទ្រ ក្នុងស្រុកដំណាក់ចង្អើរប្រវែង ៣គីឡូម៉ែត្រ ឱ្យរដ្ឋអភិវឌ្ឍន៍

កែប៖ អភិបាលខេត្តកែប លោក  សោម ពិសិដ្ឋ បានធ្វើការសម្របសម្រួល និងប្រជុំដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ដែលកន្លងមកបានចូលកាន់កាប់លើដីចំណីឆ្នេរដោយខុសច្បាប់រយៈពេល ៦ឆ្នាំមកហើយ មកដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ ទទួលបានជោគជ័យ ពីព្រោះពួកគាត់បានប្រគល់ដីនោះមកឱ្យរដ្ឋអភិវឌ្ឍន៍ ដែលមានប្រវែង ៣០០០ម៉ែត្រ។ បើតាមរដ្ឋបាលខេត្តកែប។

រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ដីចំណីផ្លូវប្រប់មាត់សមុទ្រ ដែលស្ថិតក្នុងស្រុកដំណាក់ចង្អើរ បានខកខានមិនដំណើរការសាងសង់រយៈពេល ៦ ឆ្នាំមកហើយ ដោយសារប្រជាពលរដ្ឋមួយចំនួនតូច ចូលកាន់កាប់លើដីចំណីឆ្នេរដោយខុសច្បាប់។

ប៉ុន្តែ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រជុំធ្វើការដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋទៅលើករណីដីចំណីឆ្នេរនេះទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋដែលមានដីនៅតំបន់ឆ្នេរនេះ យល់ព្រមប្រគល់ដីចំនួន ៣,០០០ម៉ែត្រការ៉េ ជូនរដ្ឋបាលខេត្តវិញ ដើម្បីរួមចំណែកអភិវឌ្ឍខេត្ត តាមរយៈសាងសង់គម្រោងផ្លូវប្របមាត់សមុទ្រ។ បើតាមរដ្ឋបាលខេត្ត

រដ្ឋបាលខេត្តបានន្តទៀតថា ប្រជាពលរដ្ឋដែលបានប្រគល់ដីនេះ​ បានបញ្ជាក់ថា​ ដីដែលបានព្រគល់ ដើម្បីសាងសង់ផ្លូវប្រប់មាត់សមុទ្របន្តនេះ​ មិនមែនគាត់ចូលមកកាន់កាប់ផ្ទាល់ទេ​ គឺគាត់ទទួលទិញបន្តពីឈ្មួញរកស៊ីដី ទើបតែបានរយៈពេល ៥ខែនេះ​ តែប៉ុណ្ណោះ​។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ តាមរយៈការចង្អុលបង្ហាញរបស់ លោក សោម ពិសិដ្ឋ ក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរស្រុកដំណាក់ចង្អើរ ដឹកនាំដោយ លោក វ៉ៅ សុខា អភិបាលរងខេត្ត ចុះវាស់វែងទីតាំងសាងសង់ផ្លូវប្រប់មាត់សមុទ្របន្ត។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវសារថ្លែងអំណរគុណរបស់ អភិបាលខេត្ត ទៅប្រជាពលរដ្ឋនៅតំបន់ឆ្នេរនេះ ដែលធ្វើជាគម្រូរល្អ សម្រាប់ប្រជាពលរដ្ឋទូទៅ បានប្រគល់ដីឆ្នេរនេះ ជូនរដ្ឋបាលខេត្ត ដើម្បីកសាងផ្លូវប្រប់មាត់សមុទ្របន្តតាមគោលដៅកំណត់។

លោក វ៉ៅ សុខា អភិបាលរងខេត្ត បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវចូលមកកាន់កាប់ដីឆ្នេរ ដីព្រៃ ដីទន្លេ ដីរដ្ឋផ្សេងៗ ដោយខុសច្បាប់នោះទេ ទោះជាតាមមធ្យោបាយ (ទិញបន្ត ឬចូលកាន់កាប់ដោយផ្ទាល់) ណាក៏ដោយ៕

ដោយ៖ Moeun Dyna