Register Already an agent ? Login

ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណ ៨៥% គ្រោងនឹងបញ្ចប់ទាំងស្រុង ដំណាច់ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់ពេលនេះសម្រេចបានប្រមាណ ៨៥ភាគរយ គ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ទោះក្នុងដំណាក់កាលក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ក្រុមការងារនៅតែបន្តការងារនេះ ដោយខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ថោង ខុន បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់នៃកីឡដ្ឋានធំ (Main Stadium) កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០​ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ ពិសេសក្រុមហ៊ុនសាងសង់ CSCEC តំណាងភាគីចិន រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។

ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគាត់បានមក តែត្រូវអនុវត្តវិធានក្រសួងសុខាភិបាលយ៉ាងហ្មត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ ជាការថ្លែងបន្តរបស់ លោក ថោង ខុន ជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានបថ្លែងន្ថែមថា ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារៈមួយចំនួន ត្រូវដឹកមកពី ប្រទេសអាល្លឺម៉ង់ មានដំបូលជាដើម។

ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹង បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០ភាករយ បច្ចុប្បន្ន ក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០ភាគរយ និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល សម្រេចបានជាង ៩០ភាគរយ។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។

សូមរម្លឹកថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។

សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

ដោយ៖ Moeun Dyna