Register Already an agent ? Login

អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់ការចំពោះអ្នកកាប់រានទន្ទ្រានដីព្រៃនៅតំបន់អូរសោម

ពោធិ៍សាត់៖ សកម្មភាពកាប់រានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និងលក់ឱ្យជនចំណាកស្រុកនៅតំបន់អូរសោម ឃុំអូរសោម ស្រុកវាលវែង ចេះតែបន្តមាន អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ព្រមានដល់ប្រជាពលរដ្ឋក្នុងតំបន់នេះត្រូវតែបញ្ឈប់ និងដកខ្លួនចេញពីសកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ បើមិនដូច្នោះទេ អាជ្ញាធរខេត្តនឹងចាត់ការតាមផ្លូវច្បាប់។  

ការព្រមានរបស់ អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមកពី ៦ ភូមិ ក្នុងឃុំអូរសោម ដែលមានចំនួនសរុបជិត៩រយនាក់ (៤ទីតាំងផ្សេងគ្នា) កាលពីថ្ងៃទី២៩ ខែធ្នូ នេះ បានលើកឡើងថា ការចង់បានត្រូវមានកម្រិត តែបើការចង់បាននោះជាអំពើខុសនឹងច្បាប់ បុគ្គលសាមីនឹងទទួលទោសទៅតាមបទល្មើសរបស់ខ្លួន។

លោក ម៉ៅ ធនិន បានស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវពិនិត្យជាក់ស្តែងចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលស៊ីឈ្នួលជាកម្មករគេ មានដីធ្វើផ្ទះ តែគ្មានដីអាស្រ័យផល អ្នកទាំងនោះអាចនឹងត្រូវផ្តល់លទ្ធភាពមុនគេ។

ក្រៅពីលើកឡើងអំពីករណីដីធ្លីខាងលើនេះ លោក ម៉ៅ ធនិន ក៏បានថ្លែងទៅប្រជាពលរដ្ឋបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ឃុំអូរសោម គឺជាឃុំដំបូងគេបង្អស់ ដែលលោកមានការចាប់អារម្មណ៍ខ្ពស់ ចាប់តាំងពីបានមកដឹកនាំយន្តការក្នុងខេត្តពោធិ៍សាត់ បានរយៈពេលជាង ៦ឆ្នាំកន្លងមកនេះ។

លោក អភិបាលខេត្ត បានលើកឡើងថា នាពេលថ្មីៗនេះ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ដែលអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ ហើយដើម្បីអនុវត្តកិច្ចការងារនេះឱ្យរលូនទៅដោយជោគជ័យ។

សូមបញ្ជាក់ថា រដ្ឋបាលអភិបាលខេត្តពោធិ៍សាត់ បានបង្កើតគណៈកម្មការខេត្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញដីទាំងឡាយណាដែលទើបនឹងកាប់រានថ្មី និងប៉ះពាល់ក្នុងដែនការពារបរិស្ថាន ចៀសវាងកុំឱ្យជនឆ្លៀតឱកាសយករឿងដីធ្លីធ្វើឱ្យមានការដាក់ទោសទណ្ឌមកលើប្រជាពលរដ្ឋក្នុងតំបន់៕

ដោយ៖ Moeun Dyna