Register Already an agent ? Login

KOICA មានគម្រោងសិក្សាអភិវឌ្ឍន៍ ខេត្តដែលនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ

ប៉ៃលិន៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរេ (KOICA) ដែលដឹកនាំដោយ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានជួបពិភក្សាការងារជាមួយ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា KOICA មានគម្រោងសិក្សាអភិវឌ្ឍន៍ខេត្តដែលនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ។

លោក រ៉ូ ហ៊ុនជុន បានថ្លែងឱ្យដឹថា ក្រុមការងាររួមរបស់ KOICA និងចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗដែលស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យស្ថានភាពនៃការអនុវត្ត និងផែនការសកម្មភាពរកឃើញនូវគន្លឹះសំខាន់ៗ របស់ក្រុមការងារការិយាល័យ KOICA ប្រចាំនៅកម្ពុជា។

លោក ថ្លែងបន្តថា ក្រោយពីសិក្សាហើយនឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់លោក ដើម្បីជ្រើសរើសគម្រោងអាទិភាពមួយដូចជា៖ វិស័យអប់រំ កសិកម្ម អភិវឌ្ឍជនបទ និងសុខាភិបាល សម្រាប់អនុវត្តន៍នៅឆ្នាំ២០២១។ លោកថា ប្រសិនបើគម្រោងនេះជាប់ ក្នុងការជ្រើសរើសគម្រោងនឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសកម្ពុជារយៈពេល ៦០ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបប្រមាណ ១០លានដុល្លារ។

នៅក្នុងជំនួបខាងលើ លោក រ៉ូ ហ៊ុនជុន បានបញ្ជាក់ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿន នៅតាមមូលដ្ឋាន ដែលត្រូវបានគេចាត់ទុកថាមិនមានមីន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។

លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានថ្លែងថា តាមរយៈគម្រោងនេះ នឹងជួយរកទីផ្សារឱ្យកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីរទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់។ លោក ថា ជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។

នាឱកាសនោះ លោក ហែម ឬទ្ធី បានថ្លែងបន្តថា ក្នុងនាមអភិបាលខេត្តប៉ៃលិន សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រព្រមទាំងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោក ថា នេះគឺជាការពង្រឹងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

គូសបញ្ជាក់ថា ខេត្តប៉ៃលិន មានផ្ទៃដីសរុប ១០៦២គីឡូម៉ែតការ៉េ មានប្រជាជនចំនួន ៦៧៥៧៣នាក់ ក្នុងនោះស្រីចំនួន ៣៥០៤៦នាក់ វិស័យដែលមានសក្តានុពលបំផុតរបស់ខេត្ត គឺវិស័យកសិកម្ម និងទេសចរណ៍៕

ដោយ៖ Moeun Dyna