Register Already an agent ? Login

រដ្ឋបាលខេត្តកែប បើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម និងស្ថាបនាផ្លូវDBST ចំនួន ៧ខ្សែ ប្រវែងសរុបជាង ៣គីឡូម៉ែត្រ

កែប៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានធ្វើបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ និងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBST ចំនួន ៧ខ្សែ មានប្រវែងសរុប ៣,៣៨២ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

លោក សោម ពិសិដ្ឋ បានថ្លែងថា ការបើកការដ្ឋាននេះ គឺដើម្បីជួសជុល ផ្លូវក្រាលក្រួសក្រហមចំនួន១ខ្សែ និងជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៧កំណាត់ខ្សែ ដែលមានប្រវែង ៣,៣៨២ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តាមបណ្តោយផ្លូវ នៅមូលដ្ឋានភូមិកែប សង្កាត់កែប នេះគឺជាចំណងដៃថ្មីមួយទៀត ដើម្បីជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។

កំណាត់ផ្លូវដែលនឹងជួសជុលនៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកែប បានផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និងបញ្ចៀសការកកស្ទះចរាចរ ជាពិសេស ដើម្បីភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តំបន់នេះមានភាពងាយស្រួល។ ជាការថ្លែងបន្តរបស់ អភិបាលខេត្ត ថា ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើឡើង។

លោក សោម ពិសិដ្ឋ បានសំណូមពរដល់ប្រជាពលរដ្ឋសូមមេត្តាយោគយល់ចំពោះផលប៉ះដែលអាចកើតមានដោយប្រការណាមួយក្នុងកំឡុងពេលជួសជុលនិងស្ថាបនា។ និងបានណែនាំដល់ក្រុមហ៊ុនត្រូវសាងសង់ដោយការយកចិត្តទុកដាក់ស្របតាមបច្ចេកទេស និងពេលវេលា។

បន្ទាប់ពីផ្លូវនេះត្រូវបានស្ថាបនារួចរាល់សូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាផ្លូវទាំងនេះឱ្យដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង។ ជាការបន្តរបស់លោក អភិបាលខេត្ត បានបញ្ជាក់ ជាក់ស្តែងការបើកដ្ឋានជួសជុល និងស្ថាបនាផ្លូវនាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យប្រជាពលរដ្ឋ និងសាធារណជនសម្រាប់ការប្រើប្រាស់ជាប្រយោជន៍៕

ដោយ៖ Moeun Dyna