Register Already an agent ? Login

គម្រោងកែលម្អផ្លូវជាតិពីរខ្សែ លេខ២ និងលេខ២២ សម្រេចបានជាង ២០ភាគរយ

ភ្នំពេញ៖ គម្រោងកែលម្អផ្លូវជាតិពីរខ្សែ លេខ២ និងលេខ២២ មកដល់ពេលនេះ សម្រេចបានលទ្ធផលជាង ២០ភាគរយហើយ តាមល្បឿននៃការសាងសង់នេះនឹងអាចចប់តាមផែនការដែលបានគ្រោងទុក។ បើតាមការឱ្យដឹងពី លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងដឹកជញ្ជូន បន្តថា តាមល្បឿននៃការសាងសង់រំពឹងថា ផ្លូវនេះនឹងរួចរាល់ជាស្ថាពរនៅត្រីមាសទី១ ឆ្នាំ២០២២ ប្រសិនជាមិនមានឧបសគ្គមករាំងស្ទះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្តឱ្យទៀតថា ការលម្អនេះ បែងចែកជា បីកំណាត់ផ្លូវធំៗ ដោយកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ មានប្រវែង ៨,៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី២គន្លង ទៅ៤គន្លង ដោយនៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០,៥ម៉ែត្រ។

កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទ ដោយរៀបចំមាន ២គន្លង ក្នុងទំហំផ្លូវទទឹង ១៣ម៉ែត្រ។

និងកំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ផ្លូវជាតិលេខ២២ ដែលមានប្រវែង ៩,៦១១គីឡូម៉ែត្រ  ដែលស្ថិតក្នុងតំបន់ជនបទ ដោយកំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប ១៣ម៉ែត្រ។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូនរូបនេះ បានបន្ថែមថា ផ្លូវជាតិលេខ២ និងលេខ២២ ដែលត្រូវស្តារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិការប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។

លោក បន្ថែមឱ្យដឹងទៀតថា គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅ ស៊ូ AC (Asphalt Concrete)  សាងសង់ស្ពានថ្មីចំនួន១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង៕

ដោយ៖ Moeun Dyna