Register Already an agent ? Login

រដ្ឋបាលខេត្តកំពង់ឆ្នាំង មានគម្រោងអភិវឌ្ឍពង្រីកផ្លូវ ៤ខ្សែ ដែលមានទទឺងពី៣០ ទៅ៦០ម៉ែត្រ

កំពង់ឆ្នាំង៖ គម្រោងអភិវឌ្ឍពង្រីកផ្លូវក្នុងខេត្តកំពង់ឆ្នាំង មាន៤ខែ្ស គឺ ចាប់ពីរង្វង់មូលទូលគោកទៅកាន់ផ្លូវលេខ១ នៅក្នុងសង្កាត់ខ្សាម នឹងត្រូវពង្រីក ទទឹង ៦០ម៉ែត្រ។ ផ្លូវទី២ ចាប់ពីរង្វង់មូលទូកទៅកាន់ផ្សារកំពង់ឆ្នាំងថ្មី និងមាត់ទន្លេ ក៏ត្រូវពង្រីកផ្លូវទទឺង ៦០ម៉ែត្រ។ ផ្លូវទី៣ ចាប់ពីរង្វង់មូលទូក ទៅកាន់ភូមិស្មែត ផ្លូវជាតិលេខ៥ នឹងពង្រីក ទទឹង ៤០ម៉ែត្រ និងផ្លូវទី៤ ចាប់ពីរង្វង់មូលស្តូបទៅកាន់ស្ថានីយប្រេងតេលា សង្កាត់ខ្សាម ជាប់ផ្លូវជាតិលេខ៥ ពង្រីក ទទឹង ៣០ ម៉ែត្រ។

រដ្ឋបាលខេត្តបានឱ្យដឹងថា នៅជុំវិញផ្សារកំពង់ឆ្នាំថ្មី អាជ្ញាធរខេត្ត បានកសាងផ្លូវក្រាលកៅស៊ូបានជុំវិញយ៉ាងល្អស្អាតរួចហើយ និងនៅផ្លូវមាត់ទន្លេជាប់កំពង់ផែថ្មី ក៏កំពុងចាក់ផ្លូវបេតុងឱ្យបានធំទូលាយសម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការបើកបរយានយន្តគ្រប់ប្រភេទឡើងចុះកំពង់ផែថ្មី។

គម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធខាងលើ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានការត្រេកអរ ដោយសង្ឃឹមថាក្នុងពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងនឹងមានមុខមាត់ថ្មីយ៉ាងស្រស់ស្អាតមួយកម្រិតថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរ មកទស្សនាលេងកម្សាន្តផ្សារកំពង់ឆ្នាំងថ្មី ដែលនៅជាប់នឹងមាត់ទន្លេក្នុងទីក្រុងកំពង់ឆ្នាំង៕

ប្រភព៖ កាសែតកម្ពុជាថ្មី

ដោយ៖ khmerHome.com