Register Already an agent ? Login

ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗ៦មុខ ដាំលើដីសរុបជាង ១លានហិកតា ទិន្នផលជាង ៣០លានតោន គិតជាទឹកប្រាក់ជាង ២ពាន់លានដុល្លារ

ភ្នំពេញ៖ វឌ្ឍនភាពផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន ៦មុខរួមមាន ដំណាំដំឡូងមី, ស្វាយចន្ទី, ស្វាយ, ចេកអំបូងលឿង, មៀនប៉ៃលិន (តាង៉ែន) និងម្រេច ដែលបានដាំលើផ្ទៃដីសរុប ១,១១៩,១៨១ហិកតា ទទួលបានទិន្នផលសរុប ៣០,៣៩៨,៤០២តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណ ២,៣២១,៩៣០,៤០០ដុល្លារ។ បើយោងទៅលើស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ ដែលជារបាយការណ៍បឋម។

នៅក្នុងរបាយការណ៍បឋមរបស់ក្រសួងបានឱ្យដឹងថាពីចំនួនផ្ទៃដីដែលត្រូវដាំដុះដំណាំនីមួយៗ និងបរិមាណទិន្នផល ហើយនិងតម្លៃដូចខាងក្រោម៖
១-ដំណាំដំឡូងមី ផ្ទៃដីដាំដុះចំនួន ៦៥៦ ៨៦៨ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន ៥៨២ ០៥៥ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន ១៩,២២តោនក្នុង១ហិកតា សរុបបរិមាណផលប្រមាណ ១១ ១៨៥ ០៦៩តោន។   បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧ ០៧៥ ៤៩៤តោន ក្នុងនោះ តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណ ១ ០២៦ ២៣២ ០០០ដុល្លារ (តម្លៃបានមកពីការគណនានាំចេញផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)។

រោងចក្រកែច្នៃមានចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០ ៣៣៨ហិកតា (កើនប្រមាណ ៥ភាគរយ)។

២-ដំណាំស្វាយចន្ទី ផ្ទៃដីដាំដុះចំនួន ២៣៦ ៤៧១ហិកតា ផ្ទៃដីប្រមូលផលចំនួន ១៦៥៦៧០ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន ១,៤៦២តោនក្នុង១ហិកតា បរិមាណផលប្រមាណ ២៤២ ១៧៧តោន។ បរិមាណនាំចេញ  គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០  មានចំនួន ២១៨ ៨៨៤,២៩តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណ ២៨៨ ១១១ ៧០០ដុល្លារ។ សិប្បកម្មកែច្នៃមានចំនួន៦ និងក្រុមហ៊ុននាំចេញមានចំនួន ២៦។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ២៤៨ ២៩៥ហិកតា (កើនប្រមាណ ៥ភាគរយ)។

៣-ដំណាំស្វាយ ផ្ទៃដីដាំដុះចំនួន ១២៦ ៦៦៨ហិកតា ផ្ទៃដីប្រមូលផលចំនួន ៩១ ១០៤ហិកតាណ ទិន្នផលជាមធ្យម    ចំនួន ១៥,៣៧៧តោនក្នុង១ហិកតា ក្នុង១រដូវ។ បរិមាណផលប្រមាណ ១ ៤០០ ៩១៤តោន ក្នុងមួយរដូវ។ បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥ ២៧៤,៤៤តោន។ តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណ ៤៧៣ ២០៧ ៧០០ដុល្លារ។

ក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណ ១៣៥ ៥០០ហិកតា (កើនប្រមាណ ៧ភាគរយ)។

៤-ដំណាំចេកអំបូងលឿង ផ្ទៃដីប្រមូលផលចំនួន ១៥ ៩៤៥ហិកតា ទិន្នផលជាមធ្យមចំនួន ៣០តោនក្នុង១ហិកតាបរិមាណផល ប្រមាណ ៤៧៨ ៣៥០តោន។ បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣ ៤១០,៩៤តោន។ តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៥១ ១២៥ ៧០០ដុល្លារ។

ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៨ ៣៣៧ហិកតា (កើនប្រមាណ ១៥ភាគរយ)។

៥-ដំណាំមៀនប៉ៃលិន (តាង៉ែន) ផ្ទៃដីដាំដុះចំនួន ១៤ ៤០៧ហិកតា ផ្ទៃដីប្រមូលផល ចំនួន ១១ ៥១៤ហិកតា ទិន្នផលជាមធ្យមចំនួន ១៣,៨៨២តោនក្នុង១ហិកតា បរិមាណផលប្រមាណ ១៥៩ ៨៣៣តោន។ បរិមាណនាំចេញ  គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០  មានចំនួន ១៧៤,៥២តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៥៧ ៧៦៣ ១០០ដុល្លារ។ ក្រុមហ៊ុននាំចេញមានចំនួន២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន១៥។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៥ ១២៧ហិកតា (កើនប្រមាណ ៥ភាករយ)។

៦-ដំណាំម្រេច ផ្ទៃដីដាំដុះចំនួន ៦ ៨២២ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦ ០០៤ហិកតា ទិន្នផលជាមធ្យមចំនួន ៣,១៣៦តោនក្នុង១ហិកតា បរិមាណផលចំនួន ១៨ ៨២៩តោន។ បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០  មានចំនួន ៥ ០០៥,៦៥តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណ ២៥ ៤៩០ ២០០ដុល្លារ។ ក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៧ ១៦៣ហិកតា (កើនប្រមាណ ៥ភាគរយ)៕

ដោយ៖ Moeun Dyna