Register Already an agent ? Login

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសម្រេច ៣៥ភាគរយ នឹងបញ្ចប់ដើមខែមិនា ឆ្នាំ២០២៣

សៀរមរាប៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៣៥ភាគរយហើយ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខ ដោយការសាងសង់បានចាប់ផ្តើម កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដែលមានរយៈពេល ៣៦ខែ។ បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបន្តឱ្យដឹងថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំ មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នាថ្ងៃទី២៣ ​ខែធ្នូ ឆ្នាំ២០២០។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបន្តទៀតថា ក្នុងបេសកម្មត្រួតពិនិត្យការងារ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើបទបង្ហាញរួមមាន៖

ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule), អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020), ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និងវិធានការត្រួតពិនិត្យ និងការបង្ការជំងឺឆ្លងកូវីដ-១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control)។

លោក រដ្ឋមន្ត្រី បានធ្វើសរសើរ និងថ្លែងអរគុណ ក្រុមហ៊ុនខាងលើ ដែលបានសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការដែលបានគ្រោងទុក។ បើតាមរដ្ឋលេខាដ្ឋានដដែល ថា លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងផង ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយ នៅឆ្នាំ២០២៣ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តនេះ សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព៕

ដោយ៖ Moeun Dyna