Register Already an agent ? Login

គម្រោងវិនិយោគខេត្តកំពង់ចាមជាង ២ពាន់គម្រោង ត្រូវបានគាំទ្រក្នុងចំណោមគម្រោងជិត ៥ពាន់គម្រោង

កំពង់ចាម៖ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងឱ្យដឹងថា កម្មវិធីវិនិយោគ ឃុំ-សង្កាត់ ក្រុង-ស្រុក ទទួលបានការគាំទ្រ សរុបចំនួន ២.៣៧៤គម្រោង ស្មើនឹង ៤៨ភាគរយ នៃគម្រោងស្នើឡើងចំនួន ៤.៩១៣គម្រោង។ លោក បញ្ជាក់ «ក្នុងនោះមានមន្ទីរ-អង្គភាពគាំទ្របានចំនួន ២.២២៤គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន ១៥០គម្រោង»។

កិច្ចប្រជុំខាងលើធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា បានថ្លែងបន្ត ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥.៥៤០លានរៀល និងគម្រោងគាំទ្រមានចំនួន ៣៥៣គម្រោង ត្រូវចំណាយថវិកាចំនួន១.៥៦៧.០៣៨លានរៀល នឹងអនុវត្តក្នុងឆ្នាំ២០២១។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះលើការយកចិត្តទុកដាក់របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ-សង្កាត់ ក្រុង-ស្រុក ហើយគាំទ្រគម្រោងទៅតាមលទ្ធភាព និងសកម្មភាពរបស់ខ្លួន ដែលជាលទ្ធផលសិក្ខាសាលាសមាហរណកម្ម។

នាឱកាសនោះ លោក អ៊ុន ចាន់ដា បានស្នើឱ្យអ្នកពាក់ព័ន្ធពិនិត្យលើឯកសារទាំងមូល នៃសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ហើយចូលរួមជាគំនិតយោបល់ ឬអនុសាសន៍នានា ដើម្បីកែលម្អធ្វើឱ្យឯកសារកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែល្អប្រសើរថែមទៀត មុនដាក់ជូនក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យនិងអនុម័ត។

យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ឱ្យបានទាន់ពេលវេលា។ ជាការថ្លែងរបស់លោក អភិបាលខេត្តក្នុងកិច្ចប្រជុំខាងលើដដែល បានបន្ថែមថា គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ សូមឱ្យមន្ទីរ-អង្គភាពជំរុញការអនុវត្តគម្រោងនីមួយៗឱ្យចប់តាមការកំណត់ ដោយធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានជិតស្និទ្ធ៕

ដោយ៖ Moeun Dyna