Register Already an agent ? Login

ប្រជាពលរដ្ឋជាង ៤០០គ្រួសារ រស់នៅលើដីចំណីស្ទឹងតាមបណ្តោយដងស្ទឹងសៀមរាប ស្ម័គ្រចិត្តរុះរើសំណង់ទៅស្រុកបន្ទាយស្រី

សៀមរាប៖ ប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលធ្លាប់បានរស់នៅលើដីចំណីស្ទឹងតាមបណ្តោយដងស្ទឹងសៀមរាប បានស្ម័គ្រចិត្តរុះរើសំណង់ និងផ្លាស់ប្តូរលំនៅឋានរបស់ខ្លួនមករស់នៅក្នុងស្រុកបន្ទាយស្រី ក្រោមការរៀបចំគោលនយោបាយដោយរដ្ឋបាលខេត្តសៀមរាប ដោយទទួលយកដីថ្មីទំហំ ២០ម៉ែត្រគុណ នឹង៣០ម៉ែត្រ ដែលស្ថិតក្នុង ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក។ បើតាមរដ្ឋបាលខេត្តសៀមរាប។

ក្រោយពីការចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ លោក ទៀ សីហា អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់បងប្អូនប្រជាពលរដ្ឋ ​ដែលបានស្ម័គ្រចិត្តរុះរើសំណង់ចេញពីទីតាំងចាស់ និងផ្លាស់ប្តូរទីលំនៅមកកាន់ទីតាំងថ្មី ដើម្បីឱ្យរដ្ឋបាលខេត្តអាចអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងស្តារសោភ័ណភាពស្ទឹងសៀមរាបឡើងវិញ។ បើតាមរដ្ឋបាលខេត្ត។

អភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ រៀបចំប្រព័ន្ធទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ បើតាមការបន្តរបស់រដ្ឋបាលខេត្ត ថា ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកបន្ទាយស្រី នឹងពិនិត្យមើលលទ្ធភាពផ្តល់ការគាំទ្រទាំងសេវារដ្ឋបាល និងការទ្រទ្រង់ជីវភាពរស់នៅ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋចំណូលថ្មីទាំងជាង៤០០គ្រួសារនេះ អាចសមាហរណកម្មចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ស្រុកបន្ទាយស្រីប្រកបដោយជោគជ័យ និងមានលំនឹងជីវិតនៅលើទ្រនំថ្មីរបស់ខ្លួននៅក្នុងថ្ងៃខាងមុខបាន។

ក្នុងការទទួលគោលនយោបាយនេះ ប្រជាពលរដ្ឋមានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ បើតាមការបន្តទៀតរបស់រដ្ឋបាលខេត្តដដែល ថា ដោយស្ថានភាពបច្ចុប្បន្ន ដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចមានការធ្លាក់ចុះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់រដ្ឋបាលជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់របស់ពួកគាត់មកទីតាំងថ្មី។

រដ្ឋបាលខេត្តបានបន្ថែមថា សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយ របស់សម្តេច នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដ-១៩ បានបញ្ចប់។

សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប រៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅតាមចំណីស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ រុះរើសំណង់ ចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មីដែលស្ថិតនៅភូមិឃុំស្រុកខាងលើ។

ប្រជាពលរដ្ឋបានចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍ចំនួន ៤០៥គ្រួសារ ស្មើនឹង ៩៤,១៨ភាគរយ នៃចំនួនសរុប ៤៣០គ្រួសារ។ ដោយឡែកប្រជាពលរដ្ឋ ពុំបានមកចូលរួមចាប់ឆ្នោតចំនួន ២៥គ្រួសារ ស្មើនឹង ៥,៨២ភាគរយ។ ជាមួយគ្នានេះក្រុមការងារនឹងចុះជួបប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីណែនាំឱ្យពួកគាត់បំពេញឯកសារ ទទួលយកការដោះស្រាយទៅទីតាំងថ្មីនេះ៕

ដោយ៖ Moeun Dyna