Register Already an agent ? Login

អនុគម្រោងលំហាចខេត្តកំពង់ឆ្នាំង ផ្គត់ផ្គង់ទឹកសម្រាប់ស្រូវរដូវវស្សាលើផ្ទៃដីជាង ៣ពាន់ហិកតា សម្រេចបាន១០០%

កំពង់ឆ្នាំ៖ អនុគម្រោងលំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ ការងារសម្រេចបាន១០០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០។ បើតាមការថ្លែងឱ្យពីលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បញ្ជាក់ នៅពេលដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធធារាសាស្ត្រលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣.២៨៩ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោងប្រមាណ ១ពាន់គ្រួសារ ផងដែរ។

ក្រសួងធនធានទឹកបានឱ្យដឹងថា លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Site Inspection) នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ នៅទីតាំងខាងលើ។

ក្រសួងបានបន្តថា ចុះពិនិត្យមានការចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ, មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច។

បើតាមក្រសួងបានបន្ថែមឱ្យដឹងថា  ទំហំការងារសរុបរបស់គម្រោងក្នុងនោះ រួមមាន ៖

សំណង់ក្បាលហុងទឹក (Headworks) ១កន្លែង, សំណង់នាំទឹក (Intake) ១កន្លែង, សាងសង់ប្រឡាយមេបេតុង ១ខ្សែ ស្មើនឹងប្រវែង ១៦,៤០គីឡូម៉ែត្រ, សាង់សងប្រឡាយថ្នាក់ទី២ បេតុង ១៣ខ្សែ ស្មើនឹងប្រវែង ៤២,៥០គីឡូម៉ែត្រ។

ជាមួយគ្នានេះក៏មាន ការសាងសង់ប្រឡាយដោះទឹក ១៥ខ្សែ ស្មើនឹងប្រវែង ៥២,៩០គីឡូម៉ែត្រ, សាងសង់ប្រឡាយថ្នាក់ទី៣ ៩៤ខ្សែ ស្មើនឹងប្រវែង ៦២គីឡូម៉ែត្រ, សាងសង់សំណង់សិល្បការសរុប ៥៥៧កន្លែង និងសាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ១កន្លែង៕

ដោយ៖ Moeun Dyna