Register Already an agent ? Login

ការដ្ឋានសាងសង់ស្ពានបេតុង នៅខណ្ឌឫស្សីកែវ ឆ្លងកាត់ន្លេសាប តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា សម្រេចបាន ៣៥ភារយ

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មកដល់ពេលនេះ សម្រេចបាន៣៥ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបន្តថា ទោះស្ថិតក្នុងវិប្បជំងឺកូវីដ-១៩ ក្រុមការងារមិនបានផ្អាកទេ គឺសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចទៅតាមគម្រោងដែលបានកំណត់។

ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ប្រើរយៈពេលសាងសង់ ២៨ខែ និងទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ។ បើតាមការថ្លែងបន្ត របស់ប្រធានមន្ទីរដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ «ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ។

បើតាមប្រធានមន្ទីររូបនេះបានថ្លែងឱ្យដឹងបន្តទៀតថា ស្ពានបេតុងនេះ មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ, សសរសម្រាប់ព្យួរ ខ្សែកាបមានសសរចំនួន៤។

លោក បន្ថែមថា គន្លងខ្សែយានយន្ត ទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ៕

ដោយ៖ Moeun Dyna