Register Already an agent ? Login

ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ខេត្តពោធិ៍សាត់កម្ពុជា និងខេត្តត្រាតថៃ ធ្វើបានជិត ១០០% តម្លៃជិត ២លានដុល្លារ

ពោធិ៍សាត់៖ ការកសាងខ្សែផ្លូវពាណិជ្ជកម្មតភ្ជាប់គ្នារវាងច្រក ថាសេន ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា (ផ្លូវជាតិលេខ៥៥) ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ចំណាយទឹកប្រាក់ជាង ២លានដុល្លារ ដែលគិតមកដល់ពេលនេះ បាននឹងកំពុងស្ថាបនាបាន ៩០ភាគរយហើយ នឹងត្រូវបញ្ចប់មុនកិច្ចសន្យាដែលបានគ្រោងទុក។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់។

ភាគីថៃ នាពេលនេះ បាននឹងកំពុងតភ្ជាប់ខ្សែផ្លូវក្រាលកៅស៊ូពាណិជ្ជកម្ម ប្រភេទAC ទទឹង ១៤ម៉ែត្រ ប្រវែង ១.៩គីឡូម៉ែត្រ ដែលមាន៤គន្លង រវាងច្រកព្រំដែនប្រទេសទាំងពីរ។ បើតាមការបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ ភាគីថៃបានចំណាយថវិកាប្រជិត ២លានដុល្លារ ដើម្បីសាងសង់ផ្លូវតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រដ្ឋបាលខេត្តបានបន្ថែមឱ្យដឹងថា ការសម្រេចសាងសង់ខ្សែផ្លូវពាណិជ្ជនេះឡើង បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃ បានចារឯកភាពតាមសំណើ របស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធនឹងការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនេះ។

រដ្ឋបាលខេត្តបានបន្ថែមទៀតថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យប្រតិភូខេត្តត្រាត ប្រទេសថៃ ដឹកនាំដោយលោក ភិឈាន លិមវ៉ាំងយូ អភិបាលថ្មីខេត្តត្រាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកបញ្ហាមួយចំនួន ទាក់ទងទៅនឹងការពន្លឿនបើកច្រកព្រំដែន កម្ពុជា-ថៃ រវាងខេត្តទាំង២ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ដោយ៖ Moeun Dyna