Register Already an agent ? Login

ការងារអ៊ុតប៉េទីមលើផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ សម្រេចបានពី១០ ទៅ១៧ភាគរយ

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី២០ ខែធ្នូនេះ ការងារអ៊ុតប៉េទីមលើផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ក្រុមហ៊ុន T.C.M Engineering Company LTD សម្រេចបាន ១៧.៧៨ ភាគរយ, ក្រុមហ៊ុន CCES Engineering Service Co.,LTD សម្រេចបាន ១៣.៤៣ភាគរយ និងក្រុមហ៊ុន Lee Sevice Cambodia PTC. LTD សម្រេចបាន ១០.០៩ភាគរយ។ បើតាមរបាយការណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។

ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មកដល់ពេលនេះស្ទើរតែជិតរួចរាល់ហើយ ដោយការចាក់បេតុងបានរួចរាល់ ១០០ភាគរយ នៅតែការងារអ៊ុតកៅស៊ូប៉េទីម ដែលចាប់ផ្តើមកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ បើតាមការថ្លែងរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តថា តាមផែនការយើងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

លោក គួច ចំរើន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងអូរស្តេចមឹក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ ខែធ្នូ នេះ បានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដារ ឱ្យមានគុណភាពល្អ និងសោភ័ណភាពជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។

លោក បញ្ជាក់ «កម្រាស់ កម្ដៅ កំហាប់ គុណភាព សោភ័ណភាព ជាការទទួលខុសត្រូវដាច់ខាតរបស់ក្រុមហ៊ុនដែលទទួលការអ៊ុតបេទីម ក្រោមការត្រួតពិនិត្យជាប្រចាំ»។

លោក អភិបាលខេត្ត បានបន្ថែមថា ខេត្តព្រះសីហនុ ជាប៉ូល​អភិវឌ្ឍន៍​​ជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់​​សេដ្ឋកិច្​ចពិសេស​គំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈ​មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។

សូមរម្លឹកថា ការអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់ ០.២៥ម៉ែត្រ។ ជាជំហានដំបូងក្រុមការងារកំពុងអ៊ុតបេទីមលើផ្លូវធំៗជាមុន និងបន្តទៅផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។

សូមបញ្ជាក់ ចំពោះការចាក់អ៊ុតបេទីមនេះ គឺក្រុមហ៊ុនទាំង៣ នឹងប្រើពេលវេលារយៈពេល ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភ: ឬដើមខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕

ដោយ៖ Moeun Dyna