Register Already an agent ? Login

នៅឆ្នាំ២០២១ លោក ពុង ឃាវសែ មានគម្រោងវិនិយោគទឹកប្រាប់ជាង ៦០០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ពុង ឃាវសែ បានថ្លែងឱ្យដឹងថា នៅឆ្នាំ២០២១ ក្រុមហ៊ុនរបស់លោក គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ៦០០លានដុល្លារ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជាបន្ថែមទៀត ដែលនៅឆ្នាំ២០២០ បានវិនិយោគ ៣០០លានដុល្លារ។

លោក ពុង ឃាវសែ ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកក្នុងវិស័យអចលនទ្រព្យ ដូច្នេះថា ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះនរា ប្រមាណ ៧០លានដុល្លារ និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រមាណ ២០០លានដុល្លារ សម្រាប់ការងារសាងសង់នៅឆ្នាំ២០២០។

លោក បានថ្លែងបន្តថា ក្រុមហ៊ុន OCIC ក៏គ្រោងនឹងវិនិយោគលើគម្រោងយ៉ាងហោច ៦០០លានដុល្លារ បន្ថែមនៅឆ្នាំ២០២១ ដោយវិនិយោគលើគម្រោងកោះនរាប្រមាណ ១០០លានដុល្លារ និងប្រមាណ ៥០០លានដុល្លារ លើគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

គិតមកត្រឹមខែតុលា គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបានជាង ៣០ភាគរយហើយ។ បើតាមការបញ្ជាក់របស់ ប្រធានក្រុមហ៊ុនខាងលើ បានបន្តទៀតថា ក្រុមហ៊ុន ទើបតែបានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ កាលពីខែតុលាដូចគ្នា។

លោក បន្ថែមថា គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីវិញ ក៏កំពុងតែដំណើរការសាងសង់ទៅដោយរលូនដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងដឹកជញ្ជូន កំពុងមានផែនការចង់សាងសង់រថភ្លើងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះថ្មី ខណៈដែលក្រុមហ៊ុន OCIC ក៏កំពុងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់គម្រោងព្រលាននេះដូចគ្នា៕