Register Already an agent ? Login

រដ្ឋាភិបាលអាមេរិក ផ្ដល់ហិរញ្ញប្បទានបន្ថែម ៦៦,២លានដុល្លារ ផ្តោតលើវិស័យសំខាន់ៗចំនួន ៤ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានផ្ដល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារ ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣ លានដុល្លារ សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ ហើយនិងចំនួន ២២,៩លានដុល្លារ សម្រាប់កសិកម្ម និងបរិស្ថាន។ បើតាមការប្រកាសព័ត៌របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

CDC បានបន្តទៀតថា លោក ជិន ប៊ុនស៊ាន រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៏ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្ដល់ហិរញ្ញប្បទានខាងលើ លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃទី៨ ខែធ្នូ នេះ។

គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

សូមរម្លឹកថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់ កម្ពុជាប្រមាណ ១,៥ពាន់លានដុល្លារ សមមូលនឹង ៦,១០ភាគរយ នៃទំហំហិរញ្ញប្បទានសរុប ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ជាមួយគ្នា ក៏មានកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២០៕

ដោយ៖ Moeun Dyna