
ភ្នំពេញ៖ រយៈពេល១០ ឆ្នាំ២០២០ រដ្ឋាភិបាលបានអនុម័តគម្រោងលើវិស័យសំណង់ ៤០៨០គម្រោង នៅលើផ្ទៃដីសរុបប្រមាណ ១៤លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៦៤០០លានដុល្លារ។ ទំហំទុនវិនិយោគនេះកើនឡើងជាង ១ពាន់លានដុល្លារ បើប្រៀបធៀបនឹង ២ខែមុន។ តាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ខែតុលា។
នៅក្នុងរបាយការណ៍ខាងលើ បានបន្តថា គម្រោងដែលកំពុងមានសក្តានុពលនៃការវិនិយោគ រួមមាន៖ គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣ ៤០០គម្រោង, សំណង់ពាណិជ្ជកម្ម ៣១១គម្រោង, សំណង់ឧស្សាហកម្ម ១៧២គម្រោង, សំណង់ទេសចរ ៨២គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង។
ដូចគ្នានេះដែរ គម្រោងសាងសង់សំណង់សាធារណៈវិញ ក្រសួងរៀបចំដែនដី បានអនុម័តលើសំណើសុំសាងសង់សរុប ៦៨គម្រោង ដោយក្នុងនោះបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល មានចំនួន ៤០គម្រោង និងថវិកាឯកជនមានចំនួន ២៨គម្រោង។
សូមបញ្ជាក់ថា របាយការណ៍កន្លងដែលធ្លាប់បានចេញមកឱ្យដឹងថា ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័តក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។
បើតាមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ក៏ដូចជាបណ្តាអ្នកអភិវឌ្ឍន៍គម្រោងសាងសង់នៅតែមានសុទិដ្ឋិនិយម ចំពោះសំណង់លំនៅដ្ឋាន ខណៈដែលតម្រូវការនៃទីផ្សារមួយនេះ នៅតែបន្តរក្សាបាននូវសញ្ជាវិជ្ជមាន ក្នុងកម្រិតខ្ពស់នៅឡើយ ជាពិសេសតម្រូវការលំនៅដ្ឋាន នៅតាមតំបន់ជាយភ្នំពេញ ដែលកំពុងកកើតឡើងយ៉ាងមមាញឹក៕
ដោយ៖ Moeun Dyna