Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

សៀមរាប៖ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ និងសម្ភារបរិក្ខារបច្ចេកទេសសម្រាប់ស្ថាបនាផ្លូវ ដែលអនុវត្តដោយអង្គភាពសាងសង់ទាំង ៨។

ការចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោក រដ្ឋមន្រ្តីបានថ្លែងថា គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ និងវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់។

លោក បន្តថា ដោយចុះពិនិត្យផ្ទាល់ជាប្រចាំនៅតាមអង្គភាពអនុវត្តការសាងសង់នីមួយៗ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ ដោយត្រូវធ្វើការរាយការណ៍ជាប្រចាំរៀងរាល់ ២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផងដែរ។

នៅក្នុងដំណើរចុះពិនិត្យនាឱកាសនោះ លោក រដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមការងារស្ថាបនា សាងសង់ផ្លូវត្រូវដាក់ប៉ាណូបញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដារ ដើម្បីឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ បញ្ចៀសនិងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ពាក់ឯកសណ្ឋានឱ្យបានសមរម្យ និងប្រើប្រាស់សម្ភារបច្ចេកទេសសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនក្នុងពេលសាងសង់។

សូមរម្លឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាបចំនួន ៣៨ខ្សែ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ និងប្រមាណ ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ។

 គម្រោងនេះ ប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ដែលសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេច ហ៊ុន សែន។

រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖

ប្រភេទទី១ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ។

ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ។

 ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ និងប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ៕

ដោយ៖ Meoun Dyna