Register Already an agent ? Login

កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១១ ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណ ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ ដោយទាញយកនូវសក្តានុពល កម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។ បើតាមលទ្ធផលនៃកិច្ចប្រជុំកំពូល CLV លើកទី១១ ដែលធ្វើឡើងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

លទ្ធផលនៃកិច្ចប្រជុំកំពូល CLV លើកទី១១ ថ្នាក់ដឹកនាំបានទទួលស្គាល់ថា ជំងឺកូវីដ-១៩បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំទាំងអស់បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០១០-២០២០។ ថ្នាក់ដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការ រវាងថ្នាក់នីតិប្បញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។

ក្នុងអំឡុងពេលកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ក៏ដូចជាការបោសសំអាតមីន ព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ។

កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ បានអនុម័តលើឯកសារ៖ ១.សេចក្តី ថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១, ២.ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និង ៣.ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA៕

ដោយ៖ Moeun Dyna