Register Already an agent ? Login

ក្រុមហ៊ុនចិនបានចុះកិច្ចព្រមព្រៀងវិនិយោគលើគម្រោងផលិតថាមពលអគ្គិសនី នៅស្ទឹងតាតៃលើ និងពីភ្នំពេញទៅព្រំដែនកម្ពុជា-ថៃ-ឡាវ

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) លើគម្រោងវិនិយោគវិស័យថាមពលចំនួន ២គម្រោង ជាមួយក្រុមហ៊ុនចិនចំនួន ២កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

គម្រោងវិនិយោគវិស័យថាមពលចំនួន ២គម្រោង ទី១.គម្រោង វារីអគ្គិសនីស្ទឹងតាតៃលើ មានអានុភាព ១៥០មេហ្គាវ៉ាត់ ដោយក្រុមហ៊ុន China National Heavy Machinery Corporation។ ទី២.គម្រោង ខ្សែបញ្ចូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ដោយក្រុមហ៊ុន Schneitec Co., Ltd។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) អមដោយថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល, អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)៕

សូមរម្លឹកថា លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក ថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានថ្លែងកាលពីថ្មីៗនេះថា តាមផែនការរបស់ក្រុមហ៊ុន បើគម្រោងវារីអគ្គិសនីអានុភាព ១៥០មេហ្គាវ៉ាត់នេះ ត្រូវបានអនុម័តពីរដ្ឋាភិបាល គឺគ្រោងនឹងបញ្ចប់ការសាងសង់ និងភ្ជាប់ថាមពលចូលបណ្តាញជាតិនៅឆ្នាំ២០២៦។ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

លោក វ៉ិចទ័រ ហ្សូណា បានថ្លែងបន្តថា ការវិនិយោគលើថាមពលវារីអគ្គិសនី មានតម្លៃប្រមាណ ២លានដុល្លារ ក្នុងមួយមេហ្កាវ៉ាត់ ហើយតម្លៃនេះអាចទាបជាងនេះ វាអាស្រ័យទៅលើទីតាំងនៃគម្រោង។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ថ្លែងបញ្ជាក់ថា វារីអគ្គិសនីថ្មីនេះ មានកម្លាំងរហូតដល់ ១៥០មេហ្កាវ៉ាត់ នឹងក្លាយជង្រុកថាមពលអគ្គិសនីថ្មីមួយទៀត សម្រាប់ខេត្តកោះកុង៕

ដោយ៖ Moeun Dyna