Register Already an agent ? Login

ស្ថានីយសូឡា ដែលមានថាមពល ៩០មេហ្គាវ៉ាត់ នៅលើផ្ទៃដី ១៣៥ហិកតា នៅខេត្តពោធិ៍សាត់ នឹងដាក់ឱ្យដំណើរការឆ្នាំ២០២១

ភ្នំពេញ៖ ស្ថានីយថាមពលសូឡា ដែលដើរដោយពន្លឺព្រះអាទិត្យ បានសាងសង់នៅលើផ្ទៃដី ១៥៣ហិកតា ស្ថិតនៅក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានតម្លៃប្រមាណ ២៨លានដុល្លារ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២១ បញ្ចេញថាមពល ៩០មេហ្គាវ៉ាត បច្ចុប្បន្ន មានថាមពលកំពុងដំណើរ ៣០មេហ្គាវ៉ាត។

ក្រុមហ៊ុន SCHNEITEC CO., Ltd បានវិនិយោគនូវគម្រោងស្ថានីយសូឡានេះ។ បើតាមការឱ្យដឹងពី រដ្ឋបាលខេត្តពោធិ៍សាត់បានបន្តថា កាលពីខែកញ្ញា កន្លងមក រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ បានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ។ នៅឆ្នាំ២០២១ ខែមករា ឬខែកុម្ភៈ នឹងបញ្ចេញ ៦០មេហ្គាវ៉ាត់ បន្ថែមទៀត សរុប ៩០មេហ្គាវ៉ាត់។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានសម្រេចសាងសង់រោងចក្រថាមពលថ្មីចំនួន២ រួមមាន៖ រោងចក្រវារីអគ្គិសនីស្ទឹងពោធិសាត់១ នៅប្រម៉ាយ ស្ថិតនៅឃុំស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតអគ្គិសនីបាន ៨០មេហ្គាវ៉ាត់។ ទី១ ជាស្ថានីថាមពលពន្លឺព្រះអាទិត្យខាងលើ។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានរោងចក្រវារីអគ្គិសនីចំនួន ៧ ដែលមានទីតាំងចំនួន ៦ នៅប៉ែកនិរតីនៃប្រទេសកម្ពុជារួមមាន៖ វារីអគ្គិសនីអាតៃ, ឫស្សីជ្រំ, រាយប៉ាយ, គីរីរម្យ១, ថាមពលអគ្គីសនីគីរីរម្យ៣ តាតៃ និងរោងចក្រវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងភាគឦសាននៃប្រទេសកម្ពុជា។

ក្រៅពីស្ថានីយខាងលើ មានថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត នៅកំពង់ស្ពឺ ៨០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង ៦០មេហ្គាវ៉ាត និង ៥មេហ្គាវ៉ាតទៀតចេញពីស្ថានីយថាមពលសូឡាខ្នាតតូចនៅបាវិត៕

ដោយ៖ Moeun Dyna