Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ តាមរយៈការសិក្សាលម្អិតរចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប បែងចែកជា ៤ប្រភេទ

សៀមរាប៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីយន្តការបច្ចេកទេសត្រួតពិនិត្យ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងឱ្យដឹងថា តាមរយៈការសិក្សាលម្អិត រចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ។

លោក រដ្ឋមន្រ្តីបាន បន្តថា ៤ប្រភេទ រួមមាន៖ ប្រភេទទី១. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ។

ប្រភេទទី២. ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូAC កម្រាស់៧សង់ទីម៉ែត្រពីលើ។

 ប្រភេទទី៣. ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ

និងប្រភេទទី៤. ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូACឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវ សាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ។

លោក បានថ្លែងបន្តទៀតថា គម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែ និងការងាររៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ នឹងត្រូវអនុវត្តការសាងសង់ដោយអង្គភាពចំនួន ៨រួមមាន៖ ១-កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម, ២-កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, ៣- កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, ៤-អគ្គនាយកដ្ឋានសាធារណការ, ៥-អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, ៦-នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, ៧-នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង៨-មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។

បើតាមការថ្លែងបន្ថែម របស់ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានឱ្យដឹងទៀតថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងខេត្តសៀមរាប ៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា និងគំនូស សញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ ការដាំដើមឈើលម្អផ្លូវជាដើម ការសាងសង់មានរយៈ ពេល ១៣ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋមន្ត្រី បានសង្កត់ថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធិ មានជំហររឹងមាំ និងមានទិសដៅតែមួយ ពោលគឺ សាងសង់ផ្លូវឱ្យមាន ប្រសិទ្ធភាព និងគុណភាពរឹងមាំ និងបញ្ចប់គម្រោងតាមផែនការ។

រដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងមា ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធ  និងធ្វើការចុះត្រួតពិនិត្យតាមដាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ឱ្យស្របតាម ស្តង់ដារលក្ខណៈបច្ចេកទេស។ ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ ដើម្បីធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ ដែលបានកំណត់ និងត្រូវធ្វើការរាយការណ៍ជាប្រចាំជូនក្រុមការងារ ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជូនទៅគណៈកម្មការអន្តរក្រសួងផងដែរ។

លើសពីនេះទៀត លោក បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអង្គភាពអនុវត្តគម្រោងសាង សង់ណាមួយ មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា សៀវភៅបន្ទុក ប្លង់គោល ប្លង់លម្អិត និងបច្ចេកទេសសាងសង់ពាក់ព័ន្ធ ឱ្យបានម៉ឹងម៉ាត់ នោះទេ ក្រុមការងារនឹងមិនអនុញ្ញាត បន្តនីតិវិធីដើម្បីធ្វើការទូទាត់ប្រាក់ជាដាច់ខាត៕

ដោយ៖ Moeun Dyna