Register Already an agent ? Login

ដូចការរំពឹងទុក សម្ដេច ហ៊ុន សែន បានបើកសម្ពោធស្ថាបនាផ្លូវទាំង ៣៨ខ្សែ នៅក្នុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា

សៀមរាប៖ ក្រោយពី សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានរកជំងឺកូវីដ-១៩ រយៈពេលកំណត់ដែលក្រសួងសុខាភិបាលបានណែនាំរួចមកឃើញថាអវិជ្ជមាន ដូច្នេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ជាការរំពឹងទុក សម្ដេច បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ក្នុងក្រុងសៀមរាបហើយ។

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកក្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឱ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា​ «តំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង» រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

ដោយ៖ Moeun Dyna