Register Already an agent ? Login

គម្រោងចំណាយថវិកាជាតិឆ្នាំ២០២១ ក្នុងទឹកប្រាក់ប្រមាណ ៣២ទ្រីលានរៀល

ភ្នំពេញ៖ រដ្ឋសភាបានអនុម័ត គម្រោងចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ៣២ទ្រីលានរៀល ឬស្មើនឹង ៧.៩០០លានដុល្លារ ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល។

ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានឯកភាពអនុម័តជាឯកច្ឆន្ទនូវគម្រោងកញ្ចប់ស្នើថវិការបស់រដ្ឋាភិបាល ដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ប៉ុន្តែស្នើឱ្យមានការចាយវាយក្នុងកម្រិតរឹតត្បិតបំផុត សម្រាប់ប្រតិបត្តិការនាឆ្នាំ២០២១ ខណៈឆ្នាំ២០២០ សង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជា បាននិងកំពុងរងផលប៉ះពាល់នៃជំងឺសកល។

ឆ្លើយតបនឹងសំណើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឡើងការពារសេចក្តីព្រាងច្បាប់មានទាំងគម្រោងចំណាយ និងស្នើកម្ចីពីបរទេស បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានប្រសិទ្ធនាមថវិកាឆ្នាំ២០២១ ជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ចនិងជីវភាពប្រជាជន»។

លោក បានថ្លែងបន្តថា ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងបន្តទៀតថា សម្រាប់ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានស្នើបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសជាង ២ពាន់លានដុលារ ខណៈគម្រោងចំណាយថវិកាជាតិ ត្រូវបានប៉ាន់ប្រមាណក្នុងទឹកប្រាក់ជាង៧.៩០០លានដុល្លារ  ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

កម្រិតនៃការខ្ចីបំណុលពីបរទេសមកដល់នឹងពេលបច្ចុប្បន្ននេះ មិនទាន់ធ្វើឱ្យកម្ពុជាជំពាក់គេវ័ណ្ឌកនោះទេ ដោយកម្ចីនេះស្ថិតក្នុងបន្ទាត់ពិដានតាមទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន និងក៏ជាកម្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះក្នុងអត្រាការប្រាក់ទាបបំផុត។ បើតាមការអះអាំងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងសម័យប្រជុំសភាខាងលើ៕

ដោយ៖ Moeun Dyna