Register Already an agent ? Login

លោក គួច ចំរើន៖ គម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងត្រូវអ៊ុតបេទីម នៅថ្ងៃទី២ ខែក្រោយ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នេះ បានថ្លែងឱ្យដឹថា ដោយមានការឯកភាពពី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែ នឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំខាងលើ លោក គួច ចំរើន បានថ្លែងបន្តថា ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង ៣ក្រុមហ៊ុន ជំហានដំបូងយើង នឹងអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។

លោក អភិបាលខេត្តទេសចរណ៍ជាប់មាត់សមុទ្រ ដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅ បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ នៅក្នុងកិច្ចប្រជុំថា ត្រូវសម្អាតខ្សែផ្លូវដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូន។

ហើយ លោក អភិបាលរូបនេះ ក៏បានសំណូមពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់ បម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមហ៊ុនទាំង៣ ដែលទទួលអ៊ុតបេទីម រួមមាន៖ ១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន ៥ខ្សែ, ២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវចំនួន ១២ខ្សែ និង៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD  ទទួលបានផ្លូវចំនួន ១៧ខ្សែ៕

ដោយ៖ Moeun Dyna