Register Already an agent ? Login

ទូតជប៉ុន៖ ជារៀងរាល់ឆ្នាំមានប្លាស្ទិក ១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ៩០% ប្រភពពីទន្លេធំៗចំនួន១០

ភ្នំពេញ៖ បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ពាន់លានតោន។ បើតាមការថ្លែងឱ្យដឹងពី លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ទូតជប៉ុនប្រចាំកម្ពុជា បានបន្តថា ជារៀងរាល់ឆ្នាំ មានប្លាស្ទិក ១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ លោក បញ្ជាក់«សំណល់ប្លាស្ទិកប្រមាណ ៩០ភាគរយ ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន ១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ»។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទូតជប៉ុន បានថ្លែងបន្តទៀតថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។

ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ បើតាមការថ្លែងបន្ថែមរបស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឱ្យដឹងថា សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្នមានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ លោក សង្កត់ធ្ងន់ «ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ»។

នៅក្នុងពិធីខាលើ លោក ទូតបានសង្កត់ធ្ងន់ទៀតថា បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១លានក្បាល ដែលរងគ្រោះថ្នាក់ ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ បក្សី និងត្រីជាង ៩០ភាគរយ មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមីពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្សយើង។

បច្ចុប្បន្ន មានប្រទេស និងទីក្រុងជាង ១០០ ក្នុងនោះមានកម្ពុជាផងដែរ កំពុងដាក់ឱ្យអនុវត្តវិធានការថ្មីៗជុំវិញសំណល់ប្លាស្ទិក។ ជាការថ្លែងបន្ថែមទៀតរបស់ លោកទូតជប៉ុន ថា នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle) ដើម្បីផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកនៅក្នុងប្រទេស ដូចជា ការចេញនូវអនុក្រឹត្យ ដើម្បីគិតថ្លៃសេវាបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

អគ្គរាជទូតរូបនេះ បានថ្លែងឱ្យដឹងទៀតថា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសារប្លាស្ទិក គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។

លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែ គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង»។

នៅក្នុងពិធីនោះដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការកាត់បន្ថយសំណល់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់គ្នា។ លោកបន្តថា តាមរយៈគម្រោងនេះ យើងអាចបង្ហាញឱ្យឃើញពីឧត្តមានុវត្តន៍នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិកដែលអាចជួយឱ្យបណ្ដាប្រទេសនានានៅអាស៊ានយកគំរូតាម កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ។

គូសបញ្ជាក់ថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋាន UNDP ប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារ។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs៕

ដោយ៖ Moeun Dyna