Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ កម្ពុជានាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ

ភ្នំពេញ៖  គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជានាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើទោះបី​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩​។ បើតាមការថ្លែងរបស់ សម្ដេច នាយរដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ សម្ដេច នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា ចំណូល​ថវិកា​ចរន្ត​ឆ្នាំ​២០២០ មាន​ប្រមាណ ៤.៥០០លាន​ដុល្លារ​។ ចំណូល​ចរន្ត​នេះ បានមកពី​ចំណូលពន្ធដារប្រមាណ ២.៥០០លាន​ដុល្លារ និង​ចំណូល​ពន្ធគយ ប្រមាណ ២.១០០លាន​ដុល្លារ​។​

​ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបន្តទៀតថា ចំណូល​ចរន្ត​ឆ្នាំ​២០២០ អាច​ទៅ​កៀក ៥.០០០លាន​ដុល្លារ នៃ​ចំណូល​ថវិកា​ចរន្ត ទោះបី​ចំណូល​ឆ្នាំនេះ មិន​គ្រប់​តាម​ផែនការដោយ​សារ​ការរីក​រាល​ជំងឺ​កូ​វីដ-១៩​។ សម្តេច​ បញ្ជាក់ «រាជរដ្ឋាភិបាល​មាន​សល់​សាច់ប្រាក់​សន្សំជាង ៣.០០០លាន​ដុល្លារ សម្រាប់​ចំណាយ​ចាំបាច់​នានា​»។

រាជរដ្ឋាបាលកម្ពូជា បានថ្លែងដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ ខណៈឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះ ដល់ចំណុចអវិជ្ជមាន ដោយសារវិបត្តិកូវីដ-១៩។

នៅក្នុងពិធីដដែល សម្ដេច នាយករដ្ឋមន្រ្តី បានបន្ថែមថា នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញ។ ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤.៥០០លានដុល្លាររួចស្រេចទៅហើយ។ សម្ដេច ថា ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ ២.៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២.១០០លាដុល្លារ។

រាជរដ្ឋាភិបាល បានព្យាការសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះមកត្រឹម -១.៩ភាគរយ ខណធនាគារពិភពលោក (World Bank) ព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា មានភាពអវិជ្ជមាន -២ភាគរយ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះក្នុងរង្វង់ -៤ភាគរយ។

ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោមសូន្យ ប៉ុន្តែនៅឆ្នាំ២០២១ ស្ថាប័នអន្តរជាតិទាំង២នេះ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ World Bank ថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងអត្រា ៤.៣ភាគរយ និង ADB ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៩ភាគរយវិញ៕

ដោយ៖ Moeun Dyna