Register Already an agent ? Login

លោក គួច ចំរើន៖ រដ្ឋបាលខេត្តព្រះសីហនុទទួលបានសំណុំរឿងពាក់ព័ន្ធដីធ្លី ពីគ្រប់ភាគីពាក់ព័ន្ធជាង ១ពាន់ករណី

ព្រះសីហនុ៖ គិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី។ បើតាមការថ្លែងឱ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

នៅក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR)» នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អភិបលខេត្តបានថ្លែងបន្តថា ក្នុងនោះរដ្ឋបាលខេត្ត បានឆ្លើយតបទៅម្ចាស់សំណើរ បានចំនួន ១៨៣ករណី, ធ្វើរបាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី, ដោះស្រាយនិងសម្របសម្រួលចប់ចំនួន ១៥ករណី សរុបមានចំនួន ៣៤២ករណី។

លោក បានបន្ថែមថា ក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្សពីរករណី ករណីទី១ ស្ថិតក្នុងសមត្ថកិច្ចតុលាការ និងករណីទី២ មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ។

នៅក្នុងពិធីនោះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង គឺមហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។

«ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន»។ ជាការបញ្ជាក់របស់ លោក កែវ រ៉េមី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទ:ដែលខ្លួនបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

សាខាលាសាខាងលើដែលធ្វើនៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងបន្ថែមថា សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ចៅក្រម តំណាងអយ្យការ ពន្ធនាគារ ពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗអំពីខ្លឹមសារនៃរបាយការណ៍ជាតិស្ដីពីការពិនិត្យជាសកលតាមការកំណត់នៃការរៀបចំរបាយការណ៍ជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សលើគ្រប់វិស័យនៅកម្ពុជា៕

ដោយ៖ Moeun Dyna