Register Already an agent ? Login

លោក ជាវ តាយ សម្ពោធដាក់ឱ្យដំណើរការសិប្បកម្មឡឥដ្ឋក្រុមហ៊ុនខ្មែរ-ចិន សាងសង់លើផ្ទៃដី ៤០ហិកតា ទុនវិនិយោគ ៩លានដុល្លារ

ភ្នំពេញ៖ សិប្បកម្ម ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែលជាក្រុមហ៊ុនរបស់ខ្មែរ-ចិន ចូលហ៊ុនគ្នា ៥០ភាគរយម្នាក់ សាងសង់លើផ្ទៃដី ៤០ហិកតា ក្នុងទុនវិនិយោគ ៩លានដុល្លារ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានសម្ពោធដាក់ឱ្យដំណើរការ នៃសង្វាក់ផលិតកម្ម ដែលប្រើប្រាស់កម្មសរុប ១៧០នាក់។ បើតាមរដ្ឋបាលខេត្តកំពត។

ការបើកសម្ពោធដាក់ឱ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែលបានបោះទីតាំងនៅស្រុកអង្គរជ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ជាការថ្លែងរបស់ លោក ជាវ តាយ។

លោក អភិបាលខេត្ត បានថ្លែងបបញ្ជាក់ថា ជាពិសេសវិស័យសំណង់នៅក្នុងខេត្តឱ្យមានកំណើនឡើងជាលំដាប់ ហើយក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។

ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងរួមជាមួយភាពទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិមានសមត្ថភាពផលិតឥដ្ឋក្នុងមួយថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់នៅទីផ្សារក្នុង និងក្រៅស្រុក ចំពោះវត្ថុធាតុដើមយកផលិត គឺយកនៅក្នុងភូមិសាស្ត្រស្រុកផ្ទាល់។ ជាការលើលឡើងបន្តរបស់ លោក ជាវ តាយ៕

ដោយ៖ Moeun Dyna