Register Already an agent ? Login

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេបាន ១៥% លើផ្ទៃដីជាង ២ពាន់ហិកតា ស្ថិតនៅខេត្តកណ្តាលនិងតាកែវ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា នៅខេត្តកណ្តាលនិងតាកែសម្រេចបាន ១៥ភាគរយ បើគិតត្រឹមខែវិច្ឆិកា នេះ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិកាអាកាសចរស៊ីវិល បានបញ្ជាក់ថា ដោយសារបញ្ហាវិបត្តិកូវីដ-១៩ សម្រាប់ដំណើរការសាងសង់ហាក់មានភាពយឺតជាងផែនការដែលបានគ្រោងទុក ដោយរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខ។

លោក ស៊ីន ចាន់សេរីវុត្ថា បានថ្លែងបន្តថា បើងាកទៅអាកាសយានដ្ឋាននៅសៀមរាបវិញ ​សម្រេចបាន ២០ភាគរយប៉ុណ្ណោះ។ លោក ថា អាកាសយានដ្ឋានទាំងពីរខាងលើ មិនមានការផាកឡើយ នាពេលគ្រោះជំនន់ទឹកភ្លៀងបានជន់លិចផ្នែកខ្លះក៏ដោយ។

សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ប្រើប្រាស់ទុនវិនិយោគ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ របស់ក្រុមហ៊ុន CAIC របស់លោក ពុង ខៀវសែ ។ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣ ហើយ៣០លាននាក់ ឆ្នាំ២០៣០ និង៥០លាននាក់នៅក្នុងឆ្នាំ២០៥០។

ចំពោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សាងសង់លើផ្ទៃដីប្រមាណ ១,៧០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគម ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣៕

ដោយ៖ Moeun Dyna