Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុមកដល់ពេលនេះ សម្រចបានជាង ៩០ភាគរយ

ភ្នំពេញ៖ ​របាយការណ៍​ រប​ស់គណៈកម្មាធិការជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ ស្តីពី​ការស្ថាបនា​ផ្លូវ ៣៤ខ្សែ ក្នុងក្រុង​ព្រះសីហនុ គិត​ត្រឹម​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារ​ចាក់​បេតុង​ផ្លូវ សម្រេចបាន ១០០ភាគរយ , ការងារ​ដាក់លូ តាមផ្លូវ ១០០ភាគរយ​, ការងារ​រៀបចំ ប្រព័ន្ធ​លូ​រណប ៩២,៨១ភាគរយ , ការងារ​រៀប​ខឿន​ក្រា​នី​ត ៩០,២៧ភាគរយ​, ការងារ​រៀបចំ​កម្រាល​ក្រា​នី​ត ៧៥,០៥ភាគរយ​, ការងារ​ដំឡើង​បង្គោល​ភ្លើង តាម​ដងផ្លូវ​ ៩៨,០៥ភាគរយ​, ការងារ​បំពាក់​អំពូល​ភ្លើង តាម​ដងផ្លូវ ៩១,២៥ភាគរយ​ និងការងារ​ដាំដើមឈើ ៦០,០៩ភាគរយ​។

​លោក គួច ចំរើន ​អភិបាលខេត្ត បានថ្លែងឱ្យដឹងថា ការងារ​ចាក់​កៅស៊ូ នឹង​ចាប់ផ្តើម​អនុវត្តនៅពេល​អស់ទឹកភ្លៀង ពេលនេះ ក្រុមហ៊ុន​នីមួយៗ ដែល​ទទួលខុសត្រូវ ក្នុងការសាងសង់​ផ្លូវ ក្នុងព្រះសីហនុ កំពុងតែ​មមាញឹកបង្ហើយ​ការងារ​របស់​ខ្លួនឱ្យបាន​ស្អាត មុននឹង​ពេលវេលាអ៊ុត​កៅស៊ូ​មកដល់​។

លោក បញ្ជាក់ឱ្យដឹងថា «ការងារ​អ៊ុត​កៅស៊ូ លើផ្លូវ​ទាំង ៣៤ខ្សែ គ្រោង​ធ្វើឱ្យ​រួចរាល់នៅមុន​ពេលបុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ មកដល់ខាងមុខនេះ ទាំង​ការដាក់​ស្លាក សញ្ញា​គំនូសចរាចរ ចិញ្ចើមផ្លូវ សម្រាប់​ថ្មើ​ជើង ភ្លើង​បំភ្លឺ និង​សួនច្បារ​»។ លោក ថា ផ្លូវ​ទាំង ៣៤ខ្សែ​នេះ នៅក្នុង​គម្រោង​ចាក់ បេតុង​កម្រាស់ ០,២៥ ម៉ែត្រ និង​អ៊ុត​បេ​ទី​ម បន្ថែម​ពីលើ​កម្រាស់ ០,០៧ ម៉ែត្រ។​

បើតាម លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុ​ បានថ្លែងថា ទោះបី​មាន​ឧបសគ្គ​ដោយ សារ​ជំងឺ​កូ​វីដ-១៩ យ៉ាងណាក៏ដោយ​ ក៏​សកម្មភាព​ក្រុមការងារ​ស្ថាបនា​ នៅតែ​បន្ត​ដោយ​មិន​មានការឈប់​សម្រាក​សកម្មភាព​នោះ​ឡើយ ​ហើយ​នៅ​ក្នុង​រង្វង់​ខែ​១២ ឆ្នាំ​២០២០នេះ ​នឹងរៀបចំ​ចាក់​កៅស៊ូ​គ្រប់​ផ្លូវ​ទាំង ៣៤ខ្សែ​នឹង​ឱ្យ​ហើយ​រួចរាល់។

​សូមរម្លឹកថា គម្រោង​សាងសង់​ផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ បាន​បើក​ការដ្ឋាន ក្រោម​អធិបតីភាពរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ប្រវែងសរុប​ជាង ៨០គីឡូម៉ែត្រ សាងសង់ ដោយ​ក្រុមហ៊ុនចំនួន ៨៕

ដោយ៖ Moeun Dyna