Register Already an agent ? Login

NAGA CORP គ្រោងសាងសង់រមណីយដ្ឋានលើដី ៧៥ហិកតា នៅខេត្តសៀមរាប ក្នុងទឹកប្រាក់ ៣៥០លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន NAGA CORP បានបោះទុន ៣៥០លានដុល្លារ គ្រោងសាងសង់រមណីយដ្ឋាន ឈ្មោះថា «Angkor Lake of Wonder» នៅលើផ្ទៃដី ៧៥ហិកតា នៅខេត្តសៀមរាប។ ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​NAGA កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា នេះ បានបញ្ជាក់ថា គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ ​មិនមែន​ការបង្កើត​កន្លែង​លេងល្បែង​ស៊ីសង​ប្រភេទ​ណាមួយ​ឡើយ​។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងបន្តថា តាមគម្រោង នឹង​សាងសង់​សណ្ឋាគារ​មួយ​ដែលមាន​រចនាប័ទ្ម​បែប​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នៅ​ចំ​កណ្តាល​​។ លើសពីនេះ នឹងមាន​បង្កើត​ឧទ្យាន​ទឹក​, បង្កើត Siem Reap  China Town, បង្កើត​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែប​ 4D, 5D,  Augmented Reality (AR) និង Virtual Reality (VR) រួមទាំង​បង្កើត​សួន​វប្បធម៌​ជាដើម​។ គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​ឆ្នាំ២០២៥​។​

គម្រោងនេះ ស្ថិតនៅខាងត្បូងក្រៅតំបន់ហាមឃាត់នៃតំបន់ប្រាសាទអង្គរវត្ត ​ចម្ងាយ ​៥០០​ម៉ែត្រ​ពី​ឧទ្យាន​អង្គរ។ បើតាមការបន្តទៀតនៅក្នុងសេចក្ដីប្រកាសព័ត៌មាន បន្ថែមថា ចំពោះ​ទី​តាំង​នេះ​ផង​ដែរ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជួល​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ហុងកុង ក្នុងរយៈ​ពេល​៥០​ឆ្នាំ ​គិត​ចាប់​ពីខែមករា ​ឆ្នាំ​២០២០ ដល់ ឆ្នាំ២០៧០ ក្នុង​តម្លៃ​ជួល​ ០,៦​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​តម្លៃ​នេះ​នឹង​កើន​ឡើង​ ៥ភាគរយ នៅ​រាល់​ ៥​ឆ្នាំ​ម្តង។

គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ខេត្ត​សៀម​បាន​កាន់តែច្រើន ក្នុង​គោលដៅ​លើ​កក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ បើតាមការបន្ថែមទៀត របស់ក្រុមហ៊ុន​ណាហ្គា បានអះអាងថា ​តាម​គម្រោង​អភិវឌ្ឍ​នេះ​ក្រុមហ៊ុន​នឹង​បង្កើត​យុទ្ធសាស្ត្រ​នៃ​ការធ្វើការងារជាមួយ​ទី​ភ្នា​ក់​ទេសចរ​នៅ​ប្រទេស​ចិន និង​ប្រទេស​នានា​ទៀត តាម​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណែ​ត ដើម្បី​នាំ​ភ្ញៀវទេសចរ​មកកាន់​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​។

គួរម្លឹកថា នេះជាគម្រោងវិនិយោគដ៏ធំមួយទៀតរបស់ក្រុមហ៊ុនណាហ្គាខបបន្ទាប់ពីខ្លួនបានប្រកាសពីគម្រោងកាស៊ីណូណាហ្គាទី៣ នៅភ្នំពេញកាលពីឆ្នាំ២០១៩ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ រហូតដល់ជិត ៤ពាន់លានដុល្លារ៕

ដោយ៖ Moeun Dyna