Register Already an agent ? Login

សម្ដេច ហ៊ុន សែន នឹងអញ្ជើញជាធិបតី ពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែក្រោយ

កំពង់ចាម៖ សម្ដេច នឹងអញ្ជើញជាធិបតី ពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ។ បើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាមបន្តឱ្យដឹងថា ពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

រដ្ឋបានបន្តទៀតថា លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង ដឹកជញ្ជូន អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។

ស្ពានតភ្ជាប់រវាង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតីភាព សម្ នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន។ បើតាការរម្លឹករបស់រដ្ឋបាលខេត្តកំពង់ចាម បន្តទៀតថា ស្ពាននេះ មានបណ្តោយប្រវែង ១ ១៣១ម៉ែត្រ, ទទឹងប្រវែង ១៣.៥០ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

បើតាមរដ្ឋបាលខេត្តដដែលនេះ បានបញ្ជាក់ ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

ដោយ៖ Moeun Dyna