Register Already an agent ? Login

ព្រឹទ្ធសភាកម្ពុជា អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង

ភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំ ដោយ លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA)។

លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបាន បញ្ជាក់នៅក្នុងកិច្ចប្រជុំខាងលើថា គណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ប៉ាន សូរស័ក្តិ ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម«ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA)» នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ អំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជា នឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

លោក បានបន្តថា ក្នុងនាមតំណាងរាជរដ្ឋាភិបាល សូមបានថ្លែងអំណរគុណ ប្រធានអង្គប្រជុំ សមាជិក សមាជិកាដ៏ ព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម។ លោក សង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។

ក្រសួងបានបន្តទៀតថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់៕

ដោយ៖ Mwoeun Dyna