Register Already an agent ? Login

កូរ៉េ ផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០លានដុល្លារ មកកម្ពុជា ដែលកំពុងអនុអវត្តគម្រោងចំនួន ១២

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា បានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៨០លានដុល្លារ មកកម្ពុជា ដែលកំពុងអនុវត្តគម្រោងចំនួន ១២។ បើតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ថ្ងៃទី២១ ខែតុលា នេះ។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តថា ការផ្ដល់ហិរញ្ញប្បទានខាងលើ នៅក្នុងជំនួបកិច្ចពិភាក្សារវាង លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និងអភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយលោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធាន​តំណាង​នៃ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ​ឆ្នាំ២០២០។

នៅក្នុងជំនួបខាងលើ លោក លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ នាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈអនុវត្តគម្រោង និងកម្មវិធីនានា។ លោក ថា បន្ថែមលើនេះ ក្នុងនាមរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA ដែលបានគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។

នាឱកាសនោះ លោក នោ ហ្យន់ជូន លើកឡើងថា ជាស្ដែង KOICA កំពុងអនុវត្តគម្រោងចំនួន ១២ ដែលមានទឹកប្រាក់ប្រមាណ ៨០លានដុល្លារ និងគម្រោងអទិភាពមួយចំនួនទៀតសម្រាប់ឆ្នាំ២០២១ និង២០២២។ លោក ថា ការចូលរួមជាមួយរារដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺនេះ បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាច្រើន និងហិរញ្ញប្បទានសម្រាប់ចូលរួមស្ដារ និងជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ KOICA ស្តីពី ការរាតត្បាតសកលរបស់ជំងឺកូវីដ-១៩ និងផែនការរបស់កយកាសម្រាប់ឆ្នាំ២០២១ ក៏ដូចជាគម្រោងថ្មីៗរបស់ KOICA សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២២ និងដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីនាពេលអនាគត។ បើតាមទំព័រហ្វេសប៊ុក KOICA CAMBODIA OFFICE។

KOICA បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១-២០១៩ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៦៧,៧លានដុល្លារ ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន៖ ១-វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ, ២-វិស័យអប់រំ, ៣-វិស័យអភិវឌ្ឍជនបទ និង ៤-វិស័យដឹកជញ្ជូន។ បញ្ជាក់ថា « ដោយឡែក សម្រាប់ឆ្នាំ២០២០ ជំនួយឥតសំណង របស់ KOICA ដល់កម្ពុជាមានចំនួនសរុប ២៤,៥លានដុល្លារ»។

ចាប់ពីឆ្នាំ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ទៅ ៧០០លានដុល្លារ បានរួមចំណែកតភ្ជាប់ស្ពានថ្នល់ពីខេត្តមួយទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ ជាដើម។ បើតាមគេហទំព័រសមាគមសំណង់កម្ពុជា ដែលបានដកស្រង់ពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស។

គេហទំព័រនេះ បានបន្តថា ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩លានដុល្លារ សម្រាប់ ២៣គម្រោង តែកម្ពុជាបានបើកប្រើប្រាស់អស់ត្រឹមប្រមាណ ៤៤២ លានដុល្លារប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០១៩ ដល់២០២៣ កូរ៉េកំពុងត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ។

ដោយ៖ Moeun Dyna