
បាត់ដំបង៖ ស្ថានភាពជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្លូវថ្នល់ចំនួន ១២៣ខ្សែ មានចំនួន ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន ៤០០គីឡូម៉ែត្រ រងការខូចខាត។ បើតាការថ្លែងឱ្យដឹងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ជាពិសេសផ្លូវជាតិនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងបណ្ដាភាគីពាក់ព័ន្ធបានបន្តថា ក្នុងនោះផ្លូវដីក្រួសក្រហម ១៤០គីឡូម៉ែត្រ ត្រូវបានទទួលរងនូវការលិចលង់ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។

ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។ បើតាមការបន្តទៀតរបស់ លោក រដ្ឋមន្រ្តី។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យផ្លូវ កាលពីថ្ងៃទី១៩ ខែតុលា នេះ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ចុះពិនិត្យនៅរង្វង់មូលយាយទេព ក្រុង/ខេត្តបាត់ដំបង និងឃុំ/ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានស្ថានភាពទឹកជំនន់លិចខ្លាំង លោក បានណែនាំឱ្យមន្ដ្រីជំនាញ ប្រឡាយដើម្បីរំដោះទឹក សម្រួលចរាចរណ៍ ធ្វើដំណើរជូនប្រជាពលរដ្ឋ និងពង្រីកប្រព័ន្ធលូបង្ហូរទឹកឱ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹក ទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលស្ថិតនៅខាងក្រោមផ្លូវ។

លោក រដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច ពិសេសផ្លូវជាតិលេខ៥ ចំពោះរថយន្តដឹកទំនិញធំៗ ពីប៉ោយប៉ែត សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៦ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការកុំឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងរងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ៕


ដោយ៖ Moeun Dyna